នាយករដ្ឋមន្ត្រីស៊ុយអែតប្រកាសលាលែងពីតំណែង
ស៊ុយអែត៖ថ្ងៃទី ១៤ ខែកញ្ញា – នាយករដ្ឋមន្ត្រីស៊ុយអែត Magdalena Andersson បានប្រកាសលាលែងពីតំណែងកាលពីថ្ងៃពុធបន្ទាប់ពីការចាញ់ការបោះឆ្នោត។
Andersson ដែលជាមេដឹកនាំគណបក្សសង្គមប្រជាធិបតេយ្យដែលកំពុងកាន់អំណាចបានទទួលស្គាល់ការបរាជ័យនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃពុធបន្ទាប់ពីការបោះឆ្នោតកាលពីថ្ងៃអាទិត្យ។
លោកស្រីបានបញ្ជាក់ថាលោកស្រីនឹងប្រគល់សេចក្តីជូនដំណឹងលាលែងពីតំណែងនៅថ្ងៃព្រហស្បតិ៍បន្ទាប់ពីមានការលេចចេញថាប្លុកពណ៌ខៀវរបស់គណបក្សប្រឆាំងរួមមានគណបក្សមធ្យម គណបក្សប្រជាធិបតេយ្យគ្រីស្ទាន គណបក្សសេរីនិយម និងគណបក្សប្រជាធិបតេយ្យស៊ុយអែតបានទទួលអាសនៈចំនួន ១៧៦ ក្នុងចំណោមអាសនៈចំនួន ៣៤៩ នៅក្នុងសភា។
ប្លុកក្រហម រួមមាន គណបក្សសង្គមប្រជាធិបតេយ្យ គណបក្សឆ្វេង គណបក្សបៃតង និងគណបក្សកណ្តាល បានទទួលអាសនៈចំនួន ១៧៣។
ការិយាល័យបោះឆ្នោតបានបើកក្នុងប្រទេសស៊ុយអែតកាលពីព្រឹកថ្ងៃអាទិត្យនៅក្នុងការបោះឆ្នោតដ៏តឹងតែងនៃប្លុកក្រហម និងខៀវដែលមានការប្រកួតប្រជែង។