ដំណើរទស្សនកិច្ចមេទ័ពជើងគោកកម្ពុជា នៅថៃ ជាសក្ខីភាពនៃការបន្តរក្សា ទំនាក់ទំនងដ៏ល្អ និងប្រកបដោយអត្ថន័យ សម្រាប់កងទ័ពជើងគោកប្រទេសទាំងពីរ
ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានចាត់ទុកថា ដំណើរទស្សនកិច្ចរបស់ឯកឧត្ដមលើកនេះ គឺជាសក្ខីភាពនៃការបន្តរក្សានូវទំនាក់ទំនងដ៏ល្អជាប្រពៃណី និងប្រកបដោយអត្ថន័យសម្រាប់កងទ័ពជើងគោកនៃប្រទេសទាំងពីរកម្ពុជា-ថៃ ។
នាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងភូមិន្ទថៃ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានជួបប្រជុំពិភាក្សាការងារទ្វេភាគីជាមួយនឹង ឯកឧត្តម នាយឧត្តមសេនីយ៍ ណារ៉ុងផាន់ ជិតកែវធែ (Narongpan Jitkaewtae) មេបញ្ជាការកងទ័ពជើងគោកនៃកងភូមិន្ទថៃ ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការលើកទី២ របស់គណៈប្រតិភូជាន់ខ្ពស់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នៅព្រះរាជាណាចក្រថៃ តបតាមការអញ្ជើញរបស់សមភាគីមិត្ត។
ឯកឧត្តម នាយឧត្តមសេនីយ៍ ណារ៉ុងផាន់ ជិតកែវធែ បានសម្តែងនូវក្តីសោមនស្សរីករាយប្រកបដោយកិត្តិយស ក្នុងការទទួលស្វាគមន៍ដំណើរទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងបានរំឭកឡើងវិញអំពីលទ្ធផលសំខាន់ៗនៃដំណើរទស្សនកិច្ចផ្លូវការរបស់ រូបឯកឧត្តមផ្ទាល់ នៅព្រះរាជាណាចក្រកម្ពុជា កាលពីខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅ។
ក្នុងនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានកោតសរសើរអំពីការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរបស់ប្រទេសកម្ពុជា និយាយជារួម និងនិយាយដោយឡែក អំពីការអភិវឌ្ឍសមត្ថភាពរបស់កងយោធពលខេមរភូមិន្ទ ដែលកំពុងដំណើរការបោះជំហានជាក់ស្តែងទៅមុខគួរឱ្យកត់សម្គាល់។
ជាការឆ្លើយតប ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានលើកឡើងអំពីចំណងមិត្តភាពជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការល្អលើ គ្រប់វិស័យរវាងប្រទេសទាំងពីរក្នុង “ភាពជាដៃគូសន្តិភាព និងវិបុលភាព” និងបានចាត់ទុកថា «ដំណើរទស្សនកិច្ចលើកនេះ គឺជាសក្ខីភាពនៃការបន្តរក្សា នូវទំនាក់ទំនងដ៏ល្អជាប្រពៃណី និងប្រកបដោយអត្ថន័យសម្រាប់ កងទ័ពជើងគោកនៃប្រទេសទាំងពីរកម្ពុជា-ថៃ ស្របពេលដែលទំនាក់ទំនងទ្វេភាគីរវាងប្រទេស និងប្រជាជនទាំងពីរ ក៏កំពុងត្រូវបានពង្រឹង និងពង្រីកឥតឈប់ឈរ ទាំងក្នុងដំណាក់កាលនៃ ការរាតត្បាតជាសាកលនៃជំងឺកូវីដ-១៩ និងដំណាក់កាលនៃ ការងើបឡើងវិញចេញពីវិបត្តិនេះ» ។
ក្នុងជំនួបពិភាក្សាការងារទ្វេភាគីនេះ សមភាគីទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះ លទ្ធផលនៃកិច្ចសហប្រតិបត្តិការ រវាងកងកម្លាំងនៃប្រទេសទាំងពីរ ក្នុងការងារទប់ស្កាត់ និងបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែននានា ដូចជា៖ ការកាប់ឈើខុសច្បាប់, ចរាចរណ៍គ្រឿងញៀន និងការជួញដូរមនុស្ស ក៏ដូចជាការរក្សាបាននូវ ទំនាក់ទំនងការងារជាប់ជាប្រចាំ រវាងថ្នាក់យោធភូមិភាគ និងកិច្ចសហការផ្ទាល់រវាងអង្គភាពជួរមុខ ទោះបីក្នុងអំឡុងពេលមានការរាតត្បាតខ្លាំងនៃជំងឺកូវីដ-១៩ ក៏ដោយ។ សំខាន់ផងដែរនោះ នៅចំពោះមុខស្ថានការណ៍ជាយថាហេតុ និងគ្រោះមហន្តរាយផ្សេងៗ កងកម្លាំងនៃប្រទេសទាំងពីរ តែងបានយកចិត្តទុកដាក់សហការ និងជួយគ្នាទៅវិញទៅមកយ៉ាងសកម្ម និងប្រកបដោយការទទួលខុសត្រូវខ្ពស់ ៕