នយោបាយឈ្នះ-ឈ្នះ ដែលជានយោបាយពន្លត់ភ្លើងសង្គ្រាមនៅកម្ពុជា ត្រូវបានចាប់ផ្តើមអនុវត្តន៍នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ១៩៩៦ ហើយបិទបញ្ចប់នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨
ភ្នំពេញ៖ នយោបាយឈ្នះ-ឈ្នះ ដែលជានយោបាយពន្លត់ភ្លើងសង្គ្រាមនៅកម្ពុជា ត្រូវបានចាប់ផ្តើមអនុវត្តន៍នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ១៩៩៦ ហើយបិទបញ្ចប់ទាំងស្រុងនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។
នេះជាប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាស្ថាបនិកនយោបាយឈ្នះ-ឈ្នះបញ្ជាក់បែបនេះ នៅព្រឹកថ្ងៃអង្គារ ទី២០ ខែមិថុនា ឆ្នាំ២០២៣នេះ បានអញ្ជើញជាងធិបតីប្រារព្ធខួប៤៦ឆ្នាំនៃដំណើរឆ្ពោះទៅការផ្តួលរំលំរបបខ្មែរក្រហម (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២៣)
សម្តេចតេជោ ហ៊ុន សែនចេញមកបញ្ជាក់បែបនេះដើម្បីបិទបញ្ចប់ការភ័ន្ត និងការធ្វើអត្ថាធិប្បាយខុសឆ្គងទៅលើកាលបរិច្ឆេទព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏មានសារៈសំខាន់នៃដំណើរនយោបាយ និងសង្គមកម្ពុជា។
មានប្រសាសន៍រំលឹកដល់នយោបាយឈ្នះ-ឈ្នះ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ពីកាលបរិច្ឆេទនៃការចាប់ផ្តើមអនុវត្តន៍ និងការបញ្ចប់នយោបាយឈ្នះ-ឈ្នះផងដែរ។
សម្តេចតេជោស្ថាបនិកនយោបាយឈ្នះ-ឈ្នះ បានកំណត់យកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ១៩៩៦ គឺជាថ្ងៃនៃការចាប់អនុវត្តន៍នយោបាយឈ្នះ-ឈ្នះ។ បើតាមសម្តេចតេជោ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ១៩៩៦ គឺជាថ្ងៃដែលលោក កែវ ពង្ស មេកងពលលេខ១៨ របស់ខ្មែរក្រហមប្រចាំតំបន់ឱរ៉ាល់ ខេត្តកំពង់ស្ពឺ បញ្ចុះបញ្ចូលកងកម្លាំងក្រោមឱវាទរបស់ខ្លួនឱ្យយល់ព្រមធ្វើសមាហរណកម្មចូលរួមរស់ជាមួយរាជរដ្ឋាភិបាល។
លទ្ធផលនេះ កើតមានឡើង បន្ទាប់ពីលោក កែវ ពង្ស បានចូលមកជួបជាមួយសម្តេច ហ៊ុន សែន នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ១៩៩៦។
ពាក់ព័ន្ធនឹងលោក កែវ ពង្ស នេះ សម្តេចតេជោ ហ៊ុន សែន ក៏បានគូសរំលេចពីការសម្រេចចិត្តផ្នែកនយោបាយដ៏ត្រឹមត្រូវមួយផងដែរ។ បើតាមសម្តេចតេជោ នៅពេលនោះ មានការផ្តល់យោបល់ជាច្រើនមិនឱ្យលោក កែវ ពង្ស ត្រឡប់ទៅកងពលវិញនោះឡើយ។ តែសម្តេចយល់ឃើញថា ទោះបីទុកលោក កែវ ពង្ស ឱ្យនៅជាមួយរាជរដ្ឋាភិបាល ឬឱ្យគាត់ត្រឡប់ទៅវិញ ហើយគាត់មិនអនុវត្តន៍តាមអ្វីដែលសម្តេចចង់បាន ក៏មិនធ្វើឱ្យខូចខាតអ្វីនោះដែរ។ ផ្ទុយទៅវិញ បើលោក កែវ ពង្ស អនុវត្តន៍តាមអ្វីដែលសម្តេចចង់បាន គឺធ្វើឱ្យទទួលបានជោគជ័យយ៉ាងធំធេង ដោយយកបានកម្លាំងកងពល១៨ របស់ខ្មែរក្រហមទាំងស្រុង។ សម្រាប់សម្តេចតេជោ ការសម្រេចនោះ គឺជាការសម្រេចចិត្តមួយដ៏ត្រឹមត្រូវ នាំឱ្យការចាប់ផ្តើមអនុវត្តន៍នយោបាយឈ្នះ-ឈ្នះ ទទួលបានលទ្ធផលល្អប្រសើរ។
ក្រៅតែបញ្ជាក់ពីកាលបរិច្ឆេទនៃការចាប់ផ្តើមអនុវត្តន៍នយោបាយឈ្នះ-ឈ្នះហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ពីកាលបរិច្ឆេទនៃការបិទបញ្ចប់នយោយបាយឈ្នះ-ឈ្នះផងដែរ។ ថ្ងៃបិទបញ្ចប់នយោបាយឈ្នះ-ឈ្នះ គឺថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ជាថ្ងៃដែលក្បាលម៉ាស៊ីនខ្មែរក្រហម រួមមាន៖ អតីតប្រមុខេរដ្ឋ ខៀវ សំផន អតីតប្រធានសភា នួន ជា អៀង សារី ចាន់ យូរ៉ាន់ ជួន ជឿន ព្រមទាំងក្រុមគ្រួសារចូលជួបសម្តេចតេជោ ហ៊ុន សែន នៅគេហដ្ឋានក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។
ពាក់ព័ន្ធនឹងប្រតិបត្តិករនាំឱ្យការអនុវត្តន៍នយោបាយឈ្នះ-ឈ្នះ ទទួល បានជោគជ័យ សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកពីគុណសម្បត្តិរបស់លោក អ៉ី ឈាន មេកងពល៤១៥ របស់ខ្មែរក្រហមនៅប៉ៃលិន និងលោក សុខ ភាព មេកងពល៤៥០ របស់ខ្មែរក្រហមនៅម៉ាឡៃ។ សម្តេចតេជោ បានចាត់ទុកការផ្តាច់ខ្លួនចុះចូលជាមួយរាជរដ្ឋាភិបាល ពីសំណាក់លោក អ៉ី ឈាន និងលោក សុខ ភាព គឺចរន្តមួយដ៏សំខាន់ជំរុញឱ្យមានចលនាចុះចូលរបស់កងកម្លាំងខ្មែរក្រហមជាបន្តបន្ទាប់។
សូមបញ្ជាក់ថា កម្ពុជាបានជួបវិបត្តិភ្លើងសង្គ្រាមយ៉ាងខ្លោចផ្សារអស់រយៈពេលប្រមាណជា ៣ទសវត្សរ៍ ក្រោយពេលរដ្ឋប្រហារដោយខុសច្បាប់ពីក្រុមសេនាប្រមុខ លន់ នល់ មានអាមេរិក និងវៀតណាមខាងត្បូងធ្វើជាបង្អែក។ ភ្លើងសង្គ្រាមដែលបង្កាត់ឡើងនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ បានឆេះរោលរាលបំផ្លិចបំផ្លាញនាវាកម្ពុជាស្ទើរក្លាយជាផេះផង់។ ភ្លើងសង្គ្រាមដែលបង្កាត់ឡើងត្រឹមមួយតែមួយថ្ងៃ តែបានឆេះរោលរាលរហូតដល់ទៅ៣ទសវត្សរ៍។ ភ្លើងសង្គ្រាមនេះ ត្រូវបានបិទបញ្ចប់ទៅវិញទាំងស្រុងនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ថ្ងៃដែលមេដឹកនាំខ្មែរក្រហម មកសុំរួមរស់នឹងរាជរដ្ឋាភិបាល។
ភ្លើងសង្គ្រាមនេះ បានផុតរលត់ទៅក្រោមនយោបាយឈ្នះ-ឈ្នះ ដែលមានសម្តេចតេជោ ហ៊ុន សែន ជាស្ថាបនិក។
ដើម្បីទទួលបានជោគជ័យលើការអនុវត្តន៍នយោបាយឈ្នះ-ឈ្នះនេះ សម្តេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិក បានដាក់ចេញនូវគោលនយោបាយ ៣រួមមាន៖ ធានារូបកាយនិងអាយុជីវិត, ធានាអាជីព និងមុខរបរ, ធានាកម្មសិទ្ធិ និងទ្រព្យសម្បត្តិ។ ក្រៅពីនយោបាយ៣នេះ សម្តេចតេជោ ក៏បាន យុទ្ធសាស្ត្រទាំង៥ ដែលគេហៅថា យុទ្ធសាស្ត្រ DIFID មកពីអក្សរកាត់នៃភាសាអង់គ្លេស DIFID ដែលមានពេញលេញមកពីពាក្យ Divide (បំបែក) Isolate (ធ្វើឱ្យឯកោ) Finish (បញ្ចប់) Integrate (សមាហរណកម្ម) Develop (អភិវឌ្ឍ)។
បន្ថែមពីលើគោលនយោបាយទាំង៣ និងយុទ្ធសាស្ត្រទាំង៥ហើយនោះ នយោបាយឈ្នះឈ្នះ បានពឹងផ្អែកលើកត្តាជោគជ័យចំនួន៧ផ្សេងទៀត រួមមាន៖
១៖ ថ្នាក់ដឹកនាំ៖ បេសកកម្មដែលនាំមកនូវសន្តិភាពសម្រាប់ជាតិ និងប្រជាជនមិនមែនជារឿងសាមញ្ញនោះទេ ហើយមិនអាចសម្រេចបានឡើយ បើមិនមានអគ្គមគ្គុទ្ទេសក៍ឯកដឹកនាំត្រឹមត្រូវ។ ក្នុងនោះកម្ពុជា មានភ័ព្វសំណាងដែលមានមេដឹកនាំពោរពេញដោយទេពកោសល្យ គឺសម្តេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិកសន្តិភាព។
២៖ តួនាទីរដ្ឋបាលកណ្តាល៖ រដ្ឋបាលកណ្តាលសំខាន់ខ្លាំងណាស់ ក្នុងការដឹកនាំនាវាកម្ពុជា រាប់ចាប់ពីស្ថាប័នព្រះមហាក្សត្រ នីតិបញ្ញត្តិ និងនីតិប្រតិបត្តិ គឺបានរួបរួមជាធ្លុងមួយ សហការគ្នា ដើម្បីឈានឆ្ពោះទៅជ័យជម្នះ។៣៖ ប្រតិបត្តិករ៖ មេដឹកនាំល្អ ជារឿងសំខាន់មួយ ទន្ទឹមនឹងនេះប្រតិបត្តិករទាំងឡាយដូចជាមហាជន និងកងយោធពលខេមរភូមិន្ទជាដើម ដែលជាកម្លាំងស្នូលក្នុងការអនុវត្តនយោបាយឈ្នះ-ឈ្នះ គឺពិតជាសំខាន់ខ្លាំងណាស់។
៤៖ ការកសាងទំនុកចិត្ត៖ ការកសាងទំនុកចិត្តពីពលរដ្ឋមកលើថ្នាក់ដឹកនាំ គឺជាចលករចាំបាច់ខ្វះមិនបាន ដោយចាប់ផ្តើមចេញពីរឿងតូចតាចរហូតដល់ព្រឹត្តិការណ៍ធំៗ ដោយត្រូវរក្សាទឹកចិត្តពលរដ្ឋជានិច្ច។
៥៖ កត្តាមនោគមវិជ្ជានយោបាយ សេដ្ឋកិច្ច និងពាណិជ្ជកម្ម៖ នេះជាកត្តាសំខាន់មួយ ដើម្បីរុញច្រានកាន់តែខិតទៅរកជ័យជម្នះ បរិបទនៃការផ្លាស់ប្តូរចរន្តសេដ្ឋកិច្ចរបស់កម្ពុជាជាបរិបទដ៏ធំក្នុងប្រវត្តិសាស្ត្រ ដោយបែរទៅរកសេដ្ឋកិច្ចទីផ្សារសេរី ដែលចរន្តបានជ្រាបដល់គ្រប់ស្រទាប់ប្រជាជាតិ។
៦៖ កត្តាការបរទេស៖ មិនត្រឹមតែផ្ទៃក្នុងជាតិនោះឡើយ សហគមន៍អន្តរជាតិ និងក្នុងតំបន់ ក៏បានដើរតួដ៏សំខាន់ផងដែរ។ ជាពិសេសក្នុងកាលៈទេសៈដែលសហគមន៍អន្តរជាតិ បានប្តូរជំហររបស់ខ្លួនដែលគាំទ្ររដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យ មកទទួលស្គាល់រដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោវិញ។
៧៖ ការបែកបាក់របបខ្មែរក្រហម៖ សសរស្តម្ភទី១ របស់យុទ្ធសាស្ត្រឌីហ្វីឌ គឺ Divide មានន័យថាបំបែក ដែលបានបំបែកកម្លាំងស្នូលរបស់ខ្មែរក្រហមជាក្រុមៗដាច់ចេញពីគ្នា ដូចជាតាម៉ុកឈរជើងនៅអន្លង់វែង ហើយក្រុម នួន ជា ឈរជើងនៅសំឡូត ទើបធ្វើឱ្យឥទ្ធិពលរបស់ពួកខ្មែរក្រហមចុះខ្សោយ ហើយរាជរដ្ឋាភិបាល អាចសម្រេចបាននូវជ័យជម្នះពេញលេញជូនប្រជាជាតិទាំងមូល៕