ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន អញ្ជើញកាន់បិណ្ឌវេនទី១០ ប្រមូលបច្ច័យបាន ២៥៩០០ដុល្លារ និងជាង ១៨លានរៀល សម្រាប់កសាងសមិទ្ធិផលនៅក្នុងវត្តហ្លួង ស្រុកមង្គលបូរី
ភ្នំពេញ៖ ឯកឧត្ដម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងលោកជំទាវឧកញ៉ា ហេម ចិន្តា អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ចើញកាន់បិណ្ឌវេនទី១០ និងសំណេះសំណាលជាមួយពុទ្ធបរិស័ទ និងមនុស្សចំណាស់ នៅវត្តុហ្លួងសុីសុវត្ថិរតនារាម ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានពាំនាំការសួរសុខទុក្ខ និងកោតសសើរដល់ប្រជាពលរដ្ឋទាំងអស់ ដែលបានរួមគ្នាជាមួយរាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចតេជោ ថែរក្សាបាននូវសុខសន្តិភាព ចាក់វ៉ាក់សាំងបង្កើតភាពស៊ាំ ប្រឆាំងកូវីដ-១៩ ដែលអាចឱ្យរាជរដ្ឋាភិបាលបើកប្រទេសដំណើរការសេដ្ឋកិច្ចឡើងវិញ ជីវភាពប្រសើរឡើង និងបា នជួបជុំគ្នាធ្វើបុណ្យទាន។
ក្នុងឱកាសនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានថ្លែងបន្ថែមថា ការរីកចម្រើនរបស់ប្រទេសជាតិ គឺមិនអាចកាត់ផ្តាច់បាន ពីការចូលរួមពីមនុស្សគ្រប់ជំនាន់ ពិសេសមនុស្សដែលមានវ័យចំណាស់នាពេលនេះ គាត់បានចូលរួមច្រើនណាស់ តស៊ូបូជាសាច់ស្រស់ឈាមស្រស់ក្នុងបុព្វហេតុសន្តិភាព និងភាពសុខសាន្តរបស់មនុស្សជំនាន់ក្រោយ ដែលតំរូវឱ្យយើងត្រូវតែយកចិត្តទុកដាក់មើលថែរក្សាពួកគាត់ឱ្យបានល្អ។
ជាមួយគ្នានឹងបុណ្យកាន់បិណ្ឌវេនទី១០នេះដែរ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន និងលោកជំទាវ បានឧទ្ទិសកុសលជូនដល់ញាតិការទាំងពីរសណ្តាន និងបុព្វយុទ្ធជន យុទ្ធនារី ដែលបានពលីក្នុងបុព្វហេតុជាតិមាតិភូមិ និងបានប្រមូលបានបច្ច័យសរុប ២៥៩០០ដុល្លា និង១៨លាន១៣ម៉ឺនរៀល ក្នុងនោះ បច្ច័យផ្ទាល់របស់ឯកឧត្តម កែ គឹមយ៉ាន និងលោកជំទាវមានចំនួន ២ម៉ឺនដុល្លារ សម្រាប់សាងសង់ផ្ទះបាយព្រះសង្ឃនិងសមិទ្ធិផលនានានៅក្នុងវត្តហ្លួង។
ជាមួយនឹងទឹកចិត្តពោរពេញដោយសុទ្ធាជ្រះថ្លា ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន និងលោកជំទាវម៉ៅ ម៉ាល័យ បានចែកជូនអំណោយដល់ មនុស្សវ័យចាស់ដែលមកពីឃុំទាំង១៣នៃស្រុកមង្គលបុរី ក្រុមគ្រួសារមានសមាជិកស្លាប់ដោយជំងឺកូវីដ-១៩ (កន្លងមក) និងគ្រួសារស្លាប់ដោយទឹកជំនន់ សរុបរួម៣២១នាក់ ក្នុង០១គ្រួសារៗទទួលបាន៖ អង្ករ២០គីឡូ ថវិកា៥ម៉ឺនរៀល ក្រម៉ា១ កំសៀវដាំ ទឹកអគ្គិសនី១ ពិលជួតក្បាល១ សារុង១ ទឹកដោះគោ២កំប៉ុង តែ១កញ្ចប់ ស្ករស១គីឡូ មី៥កញ្ចប់ កៅអៀក ខ្លា៥បន្ទះ អំបិលអីយ៉ូត១កញ្ចប់ ប្រេងខ្យង១ដប ទឹកស៊ីអីវ១ដប ទឹកត្រី១ដប ប្រេងឆាដប១លីត្រ១ដប ត្រីខ៥កំប៉ុង និងទឹកសុទ្ធ១យួរ ៕