ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ចុះសាកសួរសុខទុក្ខមន្រ្តីរាជការ មុនថ្ងៃឈប់សម្រាកបុណ្យភ្ជុំបិណ្ឌ
ភ្នំពេញ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញចុះសាក សួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងបម្រើការងារនៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បី សំដែងនូវការកោតសរសើរចំពោះពួកគាត់ ដែលបានខិតខំប្រឹងប្រែងបំពេញការងារ និងសម្រេចបាននូវ សមិទ្ធផលនានាជូនក្រសួង។
ជាមួយគ្នានេះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បាននាំយកអំណោយជាថវិកាឧបត្ថម្ភមួយចំនួនដល់មន្ត្រីរាជការរដ្ឋបាលថ្នាក់កណ្តាលរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនសរុបប្រមាណ១៨៥២នាក់ ដែលជាថវិកាផ្ទាល់របស់ឯកឧត្តមទេសរដ្ឋមន្ត្រី ដើម្បីបានប្រារព្ធពិធីបុណ្យទាន និងកំសាន្តសប្បាយ រីករាយក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ។
ឯកឧត្តមទេសរដ្ឋមន្រ្តី បានជូនពរដល់មន្រ្តីរាជការទាំងអស់ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋខ្មែរទូទាំង ប្រទេស សូមទទួលបាននូវសំណាងល្អ សុខសុវត្ថិភាពរាល់ពេលធ្វើដំណើរ និងជួបប្រទះនឹងពុទ្ធពរទាំង៤ ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងសូមមានសេចក្តីសុខជាមួយក្រុមគ្រួសារ ហើយសង្ឃឹមថាមន្ត្រីទាំងអស់នឹងវិលត្រឡប់ពីថ្ងៃឈប់សម្រាកមកបំពេញការងារវិញប្រកបដោយស្មារតី និងអារម្មណ៍ជ្រះថ្លា ដើម្បីបម្រើផលប្រយោជន៍ប្រជាជនខ្មែរយើងបន្តទៀត៕