ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ដឹកនាំប្រតិភូគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា គោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ជៀប ស៊ីវន តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ
ភ្នំពេញ៖ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភា តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញដឹកនាំប្រតិភូគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ជៀប ស៊ីវន តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ និងជាសមាជិកគណៈកម្មការទី៥ នៃរដ្ឋសភា នៅគេហដ្ឋាននៃសព ស្ថិតនៅក្នុង បុរីមេគង្គរ៉ូយាល់ ផ្ទះលេខ១០១ ផ្លូវM០៧ សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានសម្តែងការសោកស្តាយជាទីបំផុតជាមួយក្រុមគ្រួសារសព។ មរណភាពរបស់ ឯកឧត្តម ជៀប ស៊ីវន មិនត្រឹមជាការបាត់បង់លោកឪពុក លោកឪពុកក្មេក និងជីតា ប្រកបដោយព្រហ្មវិហារធម៌ និងជាទីគោរពស្រឡាញ់យ៉ាងខ្លាំងបំផុតនោះទេ តែជាការបាត់បង់នូវធនធានមនុស្សដ៏គំរូមួយរូប ជាឥស្សរជនដ៏ឆ្នើមមួយរូប ដែលបានលះបង់កម្លាំងកាយចិត្ត ធនធាន និងបញ្ញាស្មារតី ក្នុងការបម្រើប្រទេសជាតិ មាតុភូមិ ដោយពុំខ្លាចនឿយហត់ ជារៀងរហូតមក។
ឯកឧត្តម ជៀប ស៊ីវន បានទទួលមរណភាព កាលពីថ្ងៃអង្គារ ១០រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ២១:២០នាទី ក្នុងជន្មាយុ៧៩ឆ្នាំ ដោយរោគាពាធ ។ សពរបស់ឯកឧត្តមត្រូវបានតម្កល់ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅគេហដ្ឋាន ស្ថិតនៅក្នុង បុរីមេគង្គរ៉ូយាល់ ផ្ទះលេខ១០១ ផ្លូវM០៧ សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។