លោកជំទាវ ឃួន សុដារី អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ជៀប ស៊ីវន តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ
ភ្នំពេញ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ជៀប ស៊ីវន តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ នីតិកាលទី៦ និងជាសមាជិកគណៈកម្មការទី៥ នៃរដ្ឋសភា នៅគេហដ្ឋាននៃសព ស្ថិតនៅបុរីមេគង្គរ៉ូយ៉ាល់ ផ្ទះលេខ១០១ ផ្លូវ M០៧ សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី បានសម្តែងការសោកស្តាយជាទីបំផុតជាមួយក្រុមគ្រួសារសព។ មរណភាពរបស់ ឯកឧត្តម ជៀប ស៊ីវន មិនត្រឹមជាការបាត់បង់លោកឪពុក លោកឪពុកក្មេក និងជីតា ប្រកបដោយព្រហ្មវិហារធម៌ និងជាទីគោរពស្រឡាញ់យ៉ាងខ្លាំងបំផុតនោះទេ តែជាការបាត់បង់នូវធនធានមនុស្សដ៏គំរូមួយរូប ជាឥស្សរជនដ៏ឆ្នើមមួយរូប ដែលបានលះបង់កម្លាំងកាយចិត្ត ធនធាន និងបញ្ញាស្មារតី ក្នុងការបម្រើប្រទេសជាតិ មាតុភូមិ ដោយពុំខ្លាចនឿយហត់ជារៀងរហូតមក។
ឯកឧត្តម ជៀប ស៊ីវន បានទទួលមរណភាព នៅថ្ងៃអង្គារ ១០រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ២១:២០ នាទី ក្នុងជន្មាយុ៧៩ឆ្នាំ ដោយរោគាពាធ។ សពរបស់ឯកឧត្តមត្រូវបានតម្កល់ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅគេហដ្ឋានបុរីមេគង្គរ៉ូយ៉ាល់ ផ្ទះលេខ១០១ ផ្លូវ M០៧ សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី សូមឧទ្ទិសបួងសួងឲ្យវិញ្ញាណក្ខន្ធ ឯកឧត្តម ជៀប ស៊ីវន បានទៅសោយសុខក្នុងឋានសុគតិភពជានិច្ចនិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ ៕