អភិបាលខេត្តក្រចេះ ចុះសួរសុខទុក្ខនិងនាំយកអំណោយចែកជូនលោកយាយ លោកតា បងប្អូនជាជនពិការ ស្រ្តីមេម៉ាយ កុមារកំព្រា នាឱកាសបុណ្យភ្ជុំបិណ្យ
ភ្នំពេញ៖ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ និងសហការី នៅព្រឹកថ្ងៃសៅរ៍ ទី២៤ ខែកញ្ញា ឆ្នាំ២០២២ បានចុះសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌ ជាអាវយឺត គ្រឿងឧបភោគបរិភោគ និងថវិកា ចែកជូនដល់ លោកយាយ លោកតា បងប្អូនជាជនពិការ ស្រ្តីមេម៉ាយ កុមារកំព្រា នាឱកាសបុណ្យភ្ជុំបិណ្យ ឆ្នាំ២០២២នេះ សរុបចំនួន១៩០គ្រួសារ មកពីសង្កាត់ចំនួន០៤ ក្នុងក្រុងក្រចេះ ខេត្តក្រចេះ ក្នុងនោះរួមមានៈ សង្កាត់អូរឬស្សី៧០គ្រួសារ សង្កាត់ក្រចេះ៥០គ្រួសារ សង្កាត់ក្រគរ៣៥គ្រួសារ និងសង្កាត់រកាកណ្តាល៣៥គ្រួសារ ដែលកម្មវិធីនេះបានប្រារព្វធ្វើឡើងនៅបរិវេណអគារអនុសាខាកាកបាទក្រហមកម្ពុជា ក្រុងក្រចេះ ។
ក្នុងឱកាសនោះ ឯកឧត្តម បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលជានិច្ចកាលសម្ដេច តែងតែគិតគូរពីសុខទុក្ខ និងជំរុញឱ្យមានការដោះស្រាយបញ្ហានានារបស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។
ទន្ទឹមនឹងនោះ ឯកឧត្តម ក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវមានការយកចិត្តទុកដាក់អំពីបញ្ហាសុខភាពជាប្រចាំ បើកបរត្រូវគោរពច្បាប់ចរាចរណ៍ និងខិតខំបង្កបង្កើនផល ដាំដំណាំរួមផ្សំសម្រាប់ទ្រទ្រង់ជីវភាព និងបង្កើនសេដ្ឋកិច្ចគ្រួសារអោយកាន់តែប្រសើឡើងថែមទៀត។
អំណោយដែលបានផ្តល់ជូនក្នុង១គ្រួសារទទួលបាន៖ អង្ករ ២៥គីឡូក្រាម, មី ១កេស ជែលលាងដៃ៤ដប, អាវយឺត៣ និងថវិកា ៥០.០០០រៀល៕