ឧត្តមសេនីយ៍ទោ សោម ស៊ុន ដឹកនាំកងកម្លាំងទៅពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងនាំយកអំណោយឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ ទៅឧបត្ថម្ភជូនពលរដ្ឋ រងផលប៉ះពាល់ដោយគ្រោះទឹកជំនន់ នៅស្រុកស្ទោង
ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលថ្នាក់ខេត្ត ចុះជួយមូលដ្ឋានឃុំ នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២បានដឹកនាំកងកម្លាំង រួមនិងអាជ្ញាធរដែនដី ទៅពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង ដែលកំពុងជន់លិចនៅបណ្ដាភូមិមួយចំនួន នឹងបាននាំយកនូវអំណោយរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ ពេជ ចន្ទមុន្នី ទៅឧបត្ថម្ភជូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង នៅឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានមានប្រសាសន៍ថា ក្នុងរយៈពេលជាងមួយសប្តាហ៍កន្លងមកនេះ ភ្លៀងបានបន្តធ្លាក់ជាប់ៗគ្នា បណ្ដាលឱ្យជំនន់ទឹកភ្លៀងជន់លិច ផ្លូវជាតិលេខ៦ចំនួន 4 កន្លែង ដោយក្នុងមួយកន្លែងៗ ប្រវែងជាង២០០ម៉ែត្រ នៅក្នុងភូមិសាស្ត្រស្រុកស្ទោង ប៉ុន្តែប្រជាពលរដ្ឋ អាចធ្វើដំណើរទៅមកបាន ដោយឡែកនៅឃុំបន្ទាយស្ទោង ស្រុកស្ទោង ជំនន់ទឹកភ្លៀងបានបណ្ដាលឲ្យជន់លិចផ្លូវក្រាលកៅស៊ូ ប្រវែង១.០៩៥ម៉ែត្រ ផ្លូវលំក្រាលគ្រួសក្រហមប្រវែង១.០៥០ម៉ែត្រ ផ្លូវលំក្រាលដីសប្រវែង១.៥០០ម៉ែត្រ និងលិចក្រោមផ្ទះប្រជាពលរដ្ឋចំនួន ៥៦៩ខ្នង ។
នៅក្នុងឱកាសពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បាននាំយកអំណោយរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ទៅឧបត្ថម្ភជូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ ចំនួន១០គ្រួសារ នៅតាមបណ្ដាខ្នងផ្ទះនីមួយៗ ដោយក្នុងមួយគ្រួសារទទួលបាននូវអង្ករចំនួន២៥ គីឡូក្រាម មីជាតិចំនួន១កេស នឹងត្រីខកំប៉ុងចំនួន១យួរ ផងដែរ និងបានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង ត្រូវមានការប្រុងប្រយ័ត្នចំពោះកូនតូចៗកុំបណ្ដែតបណ្ដោយឲ្យលេងទឹកអាចនាំឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតដោយសារលក់ទឹក។
ប្រជាពលរដ្ឋនៅឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី រួមនិងក្រុមការងារចុះជួយមូលដ្ឋានឃុំបន្ទាយស្ទោង ដែលតែងតែយកចិត្តទុកដាក់ជួយដោះស្រាយនូវរាល់ទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា និងសូមគោរពជូនពរឯកឧត្តម លោកជំទាវ អស់លោកលោកស្រី និងក្រុមការងារទាំងអស់ សូមទទួលបាននូវពុទ្ធពរទាំងឡាយ៥ប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភានៈ កុំបីឃ្លៀងឃ្លាតឡើយ៕