ដើមឈើជាច្រើនដើមនៅសងខាងផ្លូវជាតិលេខ៦២ ក្នុងភូមិសាស្ត្រស្រុករវៀង ខេត្តព្រះវិហារ រងនូវការរលំលើផ្លូវ
ព្រះវិហារ៖ ដោយបាតុភូតខ្សល់កន្ត្រាក់ខ្លាំង លាយឡំនិងភ្លៀង បានធ្វើឱ្យដើមឈើជាច្រើនដើមនៅសងខាងផ្លូវជាតិលេខ៦២ ចន្លោះគីឡូម៉ែត្រលេខ១០០ដល់១២០ ក្នុងភូមិសាស្ត្រស្រុករវៀង ខេត្តព្រះវិហារ រងនូវការរលំលើផ្លូវ។
ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ មន្ត្រីជំនាញនៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ បានសហការជាមួយអាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធ និងប្រជាពលរដ្ឋ ចុះកាត់ដើមឈើចេញពីផ្លូវ ប៉ុន្តែដោយដើមឈើរលំច្រើនដើម ធ្វើឱ្យការកាត់មានការយឺតយ៉ាវ ស្ទះក្នុងការធ្វើដំណើររបស់បងប្អូន។
ជាមួយគ្នានេះដែរ មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ សូមអំពាវនាវដល់បងប្អូនដែលធ្វើដំណើរមកដល់ទីតាំងខាងលើ សូមមេត្តាយោគយល់អធ្យាស្រ័យ និងសូមបើកបរដោយប្រុងប្រយ័ត្ន ចំណែកបងប្អូនដែលមានបំណងនឹងធ្វើដំណើរឆ្លងកាត់លើផ្លូវនិងទីតាំងខាងលើ បើមិនមានការចាំបាច់ គួរកុំអាលចេញដំណើរមក ព្រោះពេលនេះក្រុមការងារកំពុងមមាញឹក ញាប់ដៃញាប់ជើង កាត់ដើមឈើនេះចេញហើយ៕