លោកជំទាវ ម៉ែន សំអន អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ទន់ ធី
ភ្នំពេញ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញដឹកនាំប្រតិភូក្រសួង គោរពវិញ្ញានក្ខន្ធ ព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ទន់ ធី ស្ថិតនៅភូមិពន្លៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នារសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២។
លោកជំទាវកិត្តិសង្គហបណ្ឌិត មានសេចក្តីរំជួលចិត្តឥតឧបមា ដោយបានទទួលដំណឹងថា ព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ទន់ ធី (ត្រូវជាម្តាយក្មេក ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ) បានទទួលមរណភាព កាលពីវេលាម៉ោង ០០:១៨ នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០២២ នេះក្នុងជន្មាយុ ៩០ ឆ្នាំ ដោយជរាពាធ ។
នៅក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ លោកជំទាវកិត្តិសង្គហបណ្ឌិតក៏បានសម្តែងនូវការសោកស្តាយស្រណោះ អាឡោះអាល័យជាទីបំផុត ជាមួយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី និងលោកជំទាវ ទន់ ខុន នូវការបាត់បង់ព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ទន់ ធី គឺជាការបាត់បង់នូវម្តាយក្មេក ជីដូន ជីដូនទួត ដែលប្រកបដោយព្រហ្មវិហារធម៌ល្អប្រពៃ ចំពោះកូនចៅជាទីស្រឡាញ់របស់លោក កន្លងមក ព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ តែងតែរួមចំណែកលើកកម្ពស់ ដល់វិស័យព្រះពុទ្ធសាសនានៅកម្ពុជា យ៉ាងច្រើនពុំអាចបំភ្លេចបាន។
លោកជំទាវបានឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ទន់ ធី សូមឆាប់បានចាប់កំណើត កើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ៕