លក្ខខណ្ឌគួរយល់ដឹងអំពី “ការប្រើប្រាស់គន្លងផ្លូវ និងរបៀបវ៉ាជែង” លើផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ
ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ផ្លូវល្បឿនលឿន ត្រូវបានបែងចែកជា៣គន្លងទៅ និង៣គន្លងមក ដែលក្នុងនោះរួមមាន៖
-គន្លងផ្លូវសម្រាប់ចរាចរណ៍ធម្មតា
អ្នកបើកបរយានយន្តគ្រប់ប្រភេទ ត្រូវបើកបរតាមគន្លងផ្លូវខាងស្ដាំនៃផ្លូវល្បឿនលឿនដែលជាគន្លងផ្លូវសម្រាប់ចរាចរណ៍ធម្មតា។
-គន្លងផ្លូវសម្រាប់ជែង
ក្នុងករណីសុំជែង អ្នកបើកបរយានយន្តត្រូវឱ្យសញ្ញាប្ដូរទិសខាងឆ្វេងយ៉ាងតិច ៥វិនាទី ហើយត្រូវងាកទៅគន្លងផ្លូវខាងឆ្វេងនៃផ្លូវល្បឿនលឿនដែលជាគន្លងផ្លូវសម្រាប់ជែង។ នៅពេលជែងផុត អ្នកបើកបរត្រូវឱ្យសញ្ញាប្ដូរទិសខាងស្ដាំដើម្បីងាកចូលគន្លងផ្លូវសម្រាប់ចរាចរណ៍ធម្មតាវិញ។
ក្នុងករណីចរាចរណ៍មមាញឹក អ្នកបើកបរយានយន្តអាចប្រើប្រាស់គន្លងផ្លូវទាំង២បាន ដោយឡែករថយន្តធុនធ្ងន់ត្រូវប្រកាន់យកគន្លងផ្លូវសម្រាប់ចរាចរណ៍ធម្មតាដដែល។ ក្នុងករណីនេះ យានយន្តនៅតាមគន្លងផ្លូវណាមួយបើកបរលឿនជាង មិនចាត់ទុកជាការជែងឡើយ ហើយយានយន្តដែលស្ថិតនៅក្រោយគេត្រូវប្រើភ្លើងសញ្ញាអាសន្នជាដំណឹង។
-គន្លងផ្លូវសម្រាប់ឈប់បន្ទាន់
គន្លងផ្លូវសម្រាប់ឈប់បន្ទាន់ មិនត្រូវបានអនុញ្ញាតឱ្យយានយន្តទូទៅប្រើប្រាស់ឡើយ លើកលែងតែយានយន្តពន្លត់អគ្គិភ័យ យានយន្តសង្គ្រោះរបស់មន្ទីរពេទ្យ យានយន្តនគរបាល យោធា កងរាជអាវុធហត្ថ យានយន្តថែទាំផ្លូវ ដែលកំពុងបំពេញភារកិច្ច និងយានយន្តដែលខូច ឬមានគ្រោះថ្នាក់ចរាចរណ៍ ឬមានករណីអាសន្ន។
សូមជម្រាបជូនផងដែរថា “ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ” នឹងបើកឱ្យប្រើប្រាស់សាកល្បងដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ តទៅ៕