បណ្ឌិត ហ៊ុន ម៉ាណែត៖ ក្រុងបាវិត ជាមជ្ឈមណ្ឌលផលិតកម្ម ដែលស្រូបយកកម្លាំងពលកម្មដ៏ច្រើនសន្ធឹកសន្ធាប់ និងគ្រប់ផ្នែកគ្រប់វិស័យ ហើយត្រូវបានចាត់ទុកជានិមិត្តរូប នៃការអភិវឌ្ឍរីកចម្រើននៅកម្ពុជា
ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងឲ្យដឹងថា ទីក្រុងបាវិត ជាមជ្ឈមណ្ឌលផលិតកម្ម ដែលបានស្រូបយកកម្លាំងពលកម្មដ៏ច្រើនសន្ធឹកសន្ធាប់ និងគ្រប់ផ្នែកគ្រប់វិស័យ ហើយក៏អាចត្រូវបានចាត់ទុកជានិមិត្តរូបនៃការអភិវឌ្ឍរីកចម្រើននៅក្នុងប្រទេសកម្ពុជាផងដែរ។
ក្នុងឱកាសតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា អញ្ជើញសម្ពោធរោងចក្រ RMKH Glove (Cambodia) Co. Ltd. នៅទីក្រុងបាវិត នាថ្ងៃទី៣០ កញ្ញា ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍បន្តថា ជាក់ស្តែង ក្រុងបាវិតមានតំបន់សេដ្ឋកិច្ចពិសេសជាច្រើន ដោយក្នុងនេះមានរោងចក្រសរុបចំនួន ១៧៨ និងបានផ្តល់ការងារជូនដល់ប្រជាពលរដ្ឋប្រមាណជាង ៩ ម៉ឺននាក់ ដែលពិតជាខុសស្រឡះពីការភ័ន្តច្រឡំមួយចំនួនដែលយល់ថា ទីក្រុងបាវិតជាទីក្រុងនៃសេវាកម្មកាស៊ីណូ។