ចំនួនអ្នកស្លាប់ក្នុងហេតុការណ៍រត់ជាន់គ្នាក្នុងការប្រកួតបាល់ទាត់នៅឥណ្ឌូនេស៊ីកើនឡើងដល់ ១៧៤នាក់
ហ្សាការតា៖ចំនួនអ្នកស្លាប់នៅក្នុងហ្វូងមនុស្សរត់ជាន់គ្នាក្នុងការប្រកួតបាល់ទាត់មួយក្នុងខេត្ត East Java របស់ប្រទេសឥណ្ឌូនេស៊ី បានកើនឡើងដល់ ១៧៤នាក់គិតត្រឹមរសៀលថ្ងៃអាទិត្យ នេះបើយោងតាមអភិបាលរងខេត្ត Emil Dardak ។
លោក Dardak បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា គាត់បានទទួលទិន្នន័យពីមន្ទីរពេទ្យចំនួនប្រាំបីដែលកំពុងព្យាបាលជនរងគ្រោះក្នុងឧបទ្ទវហេតុនេះ ដោយបន្ថែមថាមនុស្សជាង ១៨០ នាក់បានរងរបួស។
សោកនាដកម្មនេះបានកើតឡើងកាលពីយប់ថ្ងៃសៅរ៍នៅឯកីឡដ្ឋាន Kanjuruhan ក្នុងទីក្រុង Malang នៃខេត្ត East Java របស់ប្រទេសឥណ្ឌូនេស៊ី បន្ទាប់ពីក្លឹប Arema Malang បានចាញ់ក្រុម Persebaya Surabaya ក្នុងការប្រកួតបាល់ទាត់លីគឥណ្ឌូនេស៊ី។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថាអ្នកគាំទ្រក្រុមម្ចាស់ផ្ទះដែលចាញ់បានឡើងលើរបងហើយចូលទៅក្នុងទីលានបាល់ទាត់ដែលបណ្តាលឱ្យមានការប៉ះទង្គិចជាមួយប៉ូលីសនិងមានការរត់ជាន់គ្នា។
របាយការណ៍បានអោយដឹងថា ប៉ូលិសកុបកម្មបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកទៅលើមនុស្ស ដែលបានបង្កឱ្យមានការភ័យខ្លាចក្នុងចំណោមហ្វូងមនុស្ស។ មនុស្សម្នាប្រញាប់ប្រញាល់ចាកចេញពីកីឡដ្ឋានដែលនាំឱ្យមានការរត់ជាន់គ្នានៅច្រកចេញចូល។
ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo បានបញ្ជាឱ្យប៉ូលីសឥណ្ឌូនេស៊ី ធ្វើការស៊ើបអង្កេតលើឧបទ្ទវហេតុនេះ និងបានបញ្ជាឱ្យមានការវាយតម្លៃពេញលេញលើនីតិវិធីសុវត្ថិភាពសម្រាប់ការប្រកួតបាល់ទាត់។