រដ្ឋមន្រ្តីក្រសួងធម្មការ ទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ រដ្ឋមន្ត្រីក្រសួងឧត្តមសិក្សា ផ្នែកស្រាវជ្រាវ វិទ្យាសាស្រ្ត និងនវានុវត្តន៍ថៃ
ភ្នំពេញ៖ ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា នាថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២ បានទទួលជួបគណៈប្រតិភូព្រះរាជាណាចក្រថៃ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ដឹកនាំឯកឧត្តមសាស្រ្តចារ្យបណ្ឌិត អនេត ឡៅធម្មថាស់ (H.E.Prof ANEK LAOTHAMATAS)រដ្ឋមន្ត្រីក្រសួងឧត្តមសិក្សា ផ្នែកស្រាវជ្រាវ វិទ្យាសាស្រ្ត និងនវានុវត្តន៍ នៅទីស្ដីការក្រសួង។
នាឱកាសនោះផងដែរ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងស្វាគមន៏យ៉ាងកក់ក្តៅបំផុតចំពោះគណៈប្រតិភូ ដឹកនាំដោយឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត រដ្ឋមន្ត្រីឧត្តមសិក្សាវិទ្យាសាស្ត្រ ស្រាវជ្រាវ និងនវានុវត្តន៍ ដែលកំពុងទស្សនកិច្ចនៅកម្ពុជា ដើម្បីកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើការសិក្សាអប់រំ និងវិស័យសាសនានានា ជាពិសេសកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតជាមួយកម្ពុជា លើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងសុខាភិបាលនិងជាពិសេសទំនាក់ទំនងដ៏រវាងវិស័យសាសនាព្រះពុទ្ធដូចគ្នា និងជាបងប្អូនភូមិផងរបងជាមួយ (ប្រទេសជិតខាងនឹងគ្នា)។
ឯកឧត្តម បណ្ឌិតសាស្ត្រាចារ្យ បានជំរាបជូនពីបំណង ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជានាពេលនេះ ដើម្បីពង្រឹងដល់កិច្ចសហប្រតិបត្តិកា រ និងផ្តល់អាហារូបករណ៍ជូននិស្សិតកម្ពុជា ថ្នាក់បរិញ្ញាបត្រ អនុបណ្ឌិត និងថ្នាក់បណ្ឌិតលើផ្នែកវិទ្យាសាស្ត្រ និងបច្ចេកទេស នៅតាមសាកលវិទ្យាល័យល្បីមូយចំនួនរបស់ថៃ។
ឯកឧត្តម បណ្ឌិតសាស្ត្រាចារ្យ ក៏អនុញ្ញាតឱ្យអ្នកស្រាវជ្រាវ អ្នកវិទ្យាសាស្ត្រកម្ពុជា ទៅចូលរួមសិក្សា និងស្រាវជ្រាវលើវិស័យជាច្រើនរួមទាំងវិស័យតារាសាស្ត្រ ជីវសាស្ត្រ អាហារសាស្ត្រ និងវិស័យដទៃទៀតនៅក្នុងប្រទេសថៃ ៕