តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម នាំយកនូវគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ចែកជូនពលរដ្ឋ រងគ្រោះដោយជំនន់ទឹកភ្លៀង នៅភូមិកំពង់សំណាញ់
ភ្នំពេញ៖ ដោយមើលឃើញពីភាពលំបាកខ្វះខាត របស់បងប្អូនប្រជាពលរដ្ឋដែលទទួលរង នូវផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង នៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាមដែលមាន ឯកឧត្តម លន់ លឹមថៃ លេខាធិការគណៈកម្មការទី៣ នៃរដ្ឋសភា លោកជំទាវ ស្រី គឹមឆយ សមាជិកាគណៈកម្មការទី១ នៃរដ្ឋសភា លោកជំទាវ ខុង ស៊ុនអេង សមាជិកាគណៈកម្មការទី៤ នៃរដ្ឋសភា លោកជំទាវ កុល ធារិន សមាជិកាគណៈកម្មការទី២ នៃរដ្ឋសភា និងឯកឧត្តម ឡោ ចាន់លី អភិបាលរងខេត្ត លោកប្រធានក្រុមប្រឹក្សាស្រុកព្រៃឈ និងសហការី បានអញ្ជើយចុះជួបសំណេះសំណាល និងនាំយកនូវគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់មួយចំនួនចែកជូនដល់ប្រជាពលរដ្ឋដែលជួបការលំបាកដោយជំនន់ទឹកភ្លៀងចំនួន១៥គ្រួសារ ស្ថិតនៅក្នុងភូមិកំពង់សំណាញ់ ឃុំមាន ស្រុកព្រៃឈ ខេត្តកំពង់ចាម។
ក្នុងឱកាសនោះ ឯកឧត្តម លន់ លឹមថៃ ក៏បាននាំយកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខរបស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចមានការសោកស្តាយនូវបាតុភូតធម្មជាតិមានភ្លៀងធ្លាក់ជាប់គ្នាជាច្រើនថ្ងៃបង្កឲ្យមានការជន់លិចផ្ទះសម្បែង និងផលដំណាំរបស់បងប្អូនប្រជាពលរដ្ឋមួយចំនួន។
ឯកឧត្តម បានលើកឡើងថា អំណោយទាំងអស់នេះគ្រាន់តែអាចជួយផ្គត់ផ្គង់ជីវភាពបងប្អូនប្រជាពលរដ្ឋ លោកតា លោកយាយ បានមួយរយ:ខ្លីប៉ុណ្ណោះ តែក៏អាចសម្រាលទុក្ខលំបាកបងប្អូនបានមួយគ្រា។ ឯកឧត្តម ក៏បានសំណូមពរឲ្យបងប្អូនប្រុងប្រយ័ត្នចំពោះក្មេងតូចៗ នៅពេលលេងទឹកដែលបង្កគ្រោះថ្នាក់ជាយថាហេតុ ប្រុងប្រយ័ត្នចំពោះខ្សែភ្លើងខ្លាចឆ្លងចរន្តអគ្គីសនីនៅពេលប៉ះទឹក ត្រូវថែទាំសុខភាព និងត្រូវបង្ការសត្វអសិរពិសផ្សេងៗ និងរក្សាអនាម័យឲ្យបានខ្ពស់ក្នុងការរស់នៅ ជាពិសេសក្នុងរដូវទឹកឡើងនេះ។
ឯកឧត្តម បន្តទៀតថា ដោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧កាន់តែខិតជិតមកដល់ផងនោះ ឯកឧត្តមបានណែនាំកុំឲ្យប្រជាពលរដ្ឋចាញ់បោកឧបាយកលជនអមិត្តដែលតែងតែប្រឆាំងនិងរដ្ឋាភិបាលឲ្យប្រជាពលរដ្ឋត្រូវជឿជាក់លើការដឹកនាំដ៏ល្អរបស់រដ្ឋាភិបាលដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន និងត្រូវរួមគ្នាថែរក្សានូវសុខសន្តិភាពឲ្យបានគង់វង្សយូរអង្វែងជាបន្តទៅទៀត។
ទន្ទឹមនោះ ឯកឧត្តមក៏បានថ្លែងកោតសរសើរពីការខិតខំប្រឹងប្រែងរបស់អាជ្ញាធរគ្រប់ជាន់ថ្នាក់ដែលបានបម្រើប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ និងត្រូវបន្តខិតខំជាបន្តទៅទៀត ដើម្បីធ្វើយ៉ាងណាឲ្យភូមិឃុំរបស់យើងកាន់តែរីកចម្រើន។
សូមបញ្ជាក់ថា អំណោយដែលចែកជូនប្រជាពលរដ្ឋដែលប៉ះពាល់ដោយជំនន់ទឹកភ្លៀង ក្នុងមួយគ្រួសារៗទទួលបាន អង្ករ២៥គីឡូក្រាម ត្រីខ ទឹកត្រី ទឹកស៊ីអ៉ីវ ចង្ក្រានបាយ១ឈុត សារុង១ និងថវិកា៧ម៉ឺនរៀល ជូនចាស់ៗ៣០នាក់ ក្នុងម្នាក់ៗថវិកា២ម៉ឺនរៀល ប្រគេនចៅអធិការវត្តកំពង់សំណាញ់ អង្ករ៥០គីទ្បូក្រាម បច្ច័យ៥០ម៉ឺនរៀល អាចារ្យ៦ម៉ឺនរៀល និងឧបត្ថម្ភប៉ូលីសប៉ុស្តិ៍ និងប្រជាការពារ១០នាក់ ក្នុងម្នាក់ៗថវិកា២ម៉ឺនរៀល ៕