នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អញ្ជើញចូលរួមក្នុងពិធីចែកអំណោយជូនគ្រួសារក្រីក្រងាយរងគ្រោះដោយទឹកភ្លៀងចំនួនបួនឃុំ
ភ្នំពេញ៖ ឯកឧត្ដម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូនស្រុកបាណន់ នាព្រឹកថ្ងៃសៅរ៍ ១៣ កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៩ ខែតុលា ឆ្នាំ២០២២នេះ បានអញ្ជើញចូលរួមក្នុងពិធីចែកអំណោយរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាណន់ជូនគ្រួសារក្រីក្រងាយរងគ្រោះដោយទឹកភ្លៀងចំនួនបួនឃុំគឺ ឃុំស្នឹង ឃុំតាក្រៀម ឃុំចែងមានជ័យ និងឃុំភ្នំសំពៅ សរុបចំនួន៧០០គ្រួសារ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្ដម សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាណន់ ។
នាឱកាសនោះ ឯកឧត្ដម នាយឧត្តមសេនីយ៍ បានមានប្រសាសន៍ថា ការធ្លាក់ភ្លៀងយ៉ាងខ្លាំងក្នុងរយះពេលបីថ្ងៃកន្លងមកនេះ ធ្វើឲ្យមានជំនន់ទឹកភ្លៀងនៅតាមបណ្តាឃុំមួយចំនួននៃស្រុកបាណន់ ក្នុងនោះឃុំស្នឹងត្រូវទទួលរងផលប៉ះពាល់ច្រើនជាងគេ គឺ១០ ភូមិនៃភូមិទាំង១១ យ៉ាងធ្ងន់ធ្ងរ ធ្វើឲ្យប៉ះពាល់ដល់ដំណាំស្រូវ និង ដំណាំផ្សេងៗ ព្រមទាំងហេដ្ឋារចនាសម្ពន្ធទូទាំងឃុំ ដែលទោះតិចឬច្រើនពិតជាជះឥទ្ធិពលដល់ជីវភាពពុកម៉ែ អ៊ុំពូមីង បងប្អូនប្រជាពលរដ្ឋទាំងអស់ទទួលរងនូវជំនន់ទឹកភ្លៀងនេះ។
ឯកឧត្ដម នាយឧត្ដមសេនីយ៍ បានបន្តថាដោយមើលឃើញពីទុក្ខលំបាកនេះទើប ឯកឧត្ដម សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកបាណន់បានសម្រេចនាំយកនូវអំណោយមួយចំនួនជូនពុកម៉ែ អ៊ុំពូមីង បងប្អូនប្រជាពលរដ្ឋនៅពេលនេះ។
ឯកឧត្ដម សន្តិបណ្ឌិត បានគូសបញ្ជាក់ថា ការពិតអំណោយនេះវាមិនអាចជំនួសឱ្យការដែលបងប្អូនប្រជាពលរដ្ឋបាត់បង់ក្នុងជំនន់នេះនោះទេ ប៉ុន្តែវាគ្រាន់តែជាការជួយរំលែកទុក្ខលំបាក របស់បងប្អូន ពូ មីង បានមួយរយៈពេលដែរ។
បន្ទាប់មក ឯកឧត្ដម សន្តិបណ្ឌិត បានមានប្រសាសន៍ថា ការដែលឯកឧត្តមនាំយកអំណោយមកចែកជូននៅពេលនេះ គឺជាសកម្មភាពមួយក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលតែងតែយកចិត្តទុកដាក់ជួយដល់ពលរដ្ឋដែលជួបប្រទះនូវទុក្ខលំបាកនានា ដូចជាកម្មវិធីចែកប័ណ្ណសមធម៌ជូនដល់ប្រជាពលរដ្ឋដែលទីទាល់ក្រជាដើម រួមទាំងការជួយជនរងគ្រោះដោយគ្រោះធម្មជាតិដូចនាពេលនេះផងដែរ។
ឯកឧត្តម សន្តិបណ្ឌិត បានគូសបញ្ជាក់ថា ការផ្តល់ជំនួយនាពេលនេះមិនមែនផ្តល់តែម្តងនោះទេ តែនឹងមានការផ្តល់ជូនជាបន្តបន្ទាប់ទៀត ពិសេសគឺតាមរយះឯកឧត្តមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំនិមួយៗ នៃស្រុកបាណន់ ខេត្តបាត់ដំបង។
ឯកឧត្តម សន្តិបណ្ឌិត ក៏បានណែនាំឲ្យប្រជាពលរដ្ឋទាំងអស់រក្សាអនាម័យឲ្យបានខ្ជាប់ខ្ជួនដើម្បីកុំឲ្យមានផលប៉ះដល់សុខភាព ក្នុងអំឡុងពេលមានទឹកជន់លិច និងត្រូវប្រុងប្រយ័ត្នពីសត្វអសិរពិសនានា ដែលអាចធ្វើឲ្យគ្រោះថ្នាក់ដល់អាយុជីវិត។
ចុងបញ្ចប់ ឯកឧត្តម សន្តិបណ្ឌិត ក៏បានណែនាំឲ្យប្រជាពលរដ្ឋទាំងអស់ចូលរួមចាក់វ៉ាក់សាំងបង្ការការពារជំងឺកូវីដ ១៩ ឲ្យបានគ្រប់ៗគ្នា កុំបីខាន។
សូមបញ្ជាក់ថា ជំនន់ទឹកភ្លៀងក្នុងរយះពេលបីថ្ងៃចាប់តាំងពីថ្ងៃទី ២៤ដល់២៦ ខែតុលា ឆ្នាំ២០២២នេះ គ្រាន់តែឃុំស្នឹងមួយ ធ្វើឱ្យប៉ះពាល់ដល់លំនៅដ្ឋានប្រជាពលរដ្ឋប្រមាណ ៩០០ខ្នង មាន ១១០៥គ្រួសារ, សាលារៀន ៥កន្លែង, ផ្លូវថ្នល់គ្រប់ប្រភេទប្រមាណ ១០គីឡូម៉ែត្រ, ជន់លិចស្រូវ ១៣៦៤ហិចតា, ដំឡូងមី២២០ហិចតា និងពោត ១៤២ហិចតា៕