សម្តេចតេជោ ហ៊ុន សែន៖ នយោបាយគឺគ្មានស្តង់ដារតែមួយនោះទេ
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានមានប្រសាសន៍ថា នយោបាយអត់មានក្រឹត្យក្រម ឬស្តង់ដារតែមួយនោះទេ មានតែកីឡាទេដែលមានស្តង់ដារតែមួយនោះ។
សម្តេចបានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីពិធីបិទសន្និបាតកាយរឹទ្ធជាតិកម្ពុជាអាណត្តិទី៤ ដែលពិធីនេះធ្វើឡើងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នៅរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២។
សម្តេចបានគូសបញ្ជាក់ថា ប្រទេសខ្លះប្រកាន់យករបបតាមប្រព័ន្ធសភានិយមដូចគ្នា ប៉ុន្តែប្រទេសខ្លះបោះឆ្នោតតាមប្រព័ន្ធឯកត្តនាម និងប្រទេសខ្លះទៀត បោះឆ្នោតតាមប្រព័ន្ធសមាមាត្រទៅវិញ។
សម្តេចតេជោ ហ៊ុន សែន បន្ថែមថា សម្រាប់ប្រទេសដែលប្រកាន់យកតាមរបបប្រធានាធិបតីវិញ មានប្រទេសខ្លះបោះឆ្នោតតែមួយជុំ ចំណែកប្រទេសខ្លះទៀត បោះឆ្នោត២ជុំ។
សម្តេចបានរំលឹកពីផលលំបាកកើតចេញពីសង្គ្រាម គឺមិនត្រឹមតែនាំមកនូវភាពខ្ទេចខ្ទាំរបស់ជាតិនោះទេ សូម្បីតែចលនាកាយរឹទ្ធិជាតិកម្ពុជា កាកបាទក្រហមកម្ពុជា និងចលនាផ្សេងៗ ក៏ត្រូវបានបែងចែក និងដណ្តើមគ្នាទាមទារការទទួលពីស្ថាប័នអន្តរជាតិ។
សម្តេចនាយករដ្ឋមន្ត្រី បានអំពាវនាវ គ្រឹះស្ថានសិក្សាទាំងអស់ទាំងរដ្ឋនិងឯកជន យកចិត្តទុកដាក់ការបង្កើតក្រុមកាយរឹទ្ធិ។
មានប្រសាសន៍នៅក្នុងពិធីនោះដែថ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីក៏បានមានប្រសាសន៍ដែរថា គ្មានអ្នកណាមិនខ្លាចការស្លាប់ទេ៕