កាកបាទក្រហមអន្តរជាតិផ្អាកប្រតិបត្តិការនៅអ៊ុយក្រែន
បរទេស៖ គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) បានផ្អាកការងាររបស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែន។ ការសម្រេចចិត្តនេះធ្វើឡើងបន្ទាប់ពីការវាយប្រហារដោយកាំជ្រួចដោយរុស្ស៊ីនៅទូទាំងប្រទេស ដែលវិមានក្រឹមឡាំងបានអោយដឹងថាជាការឆ្លើយតបចំពោះសកម្មភាពភេរវជនរបស់ទីក្រុងគៀវ។
អ្នកនាំពាក្យ ICRC បានប្រាប់រ៉យទ័រក្នុងសេចក្តីថ្លែងការណ៍តាមអ៊ីមែលថា “សម្រាប់ហេតុផលសុវត្ថិភាព ក្រុមការងាររបស់យើងបានផ្អាកប្រតិបត្តិការនៅថ្ងៃនេះ”។ អ្នកនាំពាក្យមិនបានផ្តល់ការប៉ាន់ប្រមាណថានៅពេលណាដែលសកម្មភាពរបស់ខ្លួនអាចបន្តឡើងវិញ។
កាលពីព្រឹកថ្ងៃចន្ទ ក្រុមប្រឹក្សាជនភៀសខ្លួនន័រវេស (NRC) បាននិយាយថា ខ្លួនក៏បានបញ្ឈប់ការងារមនុស្សធម៌របស់ខ្លួននៅក្នុងប្រទេស រហូតដល់វាមានសុវត្ថិភាពក្នុងការបន្តឡើងវិញ។
ការផ្អាកសកម្មភាពដោយក្រុមផ្តល់ជំនួយកើតឡើងបន្ទាប់ពីការវាយប្រហារដោយមីស៊ីលទៅលើទីតាំងជាច្រើននៅទូទាំងប្រទេសអ៊ុយក្រែន រួមទាំងរដ្ឋធានី Kiev ដែលបាញ់ដោយរុស្ស៊ីកាលពីព្រឹកថ្ងៃចន្ទ។
ការវាយប្រហារនេះបានបំផ្លាញទីតាំងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗចំនួន ១១ នៅទូទាំងប្រទេស នេះបើយោងតាមនាយករដ្ឋមន្ត្រីអ៊ុយក្រែនលោក Denis Shmigal ។ ប៉ូលិសជាតិអ៊ុយក្រែនបានអោយដឹងថា មនុស្សយ៉ាងតិច១០នាក់បានស្លាប់ និងជាង៦០នាក់រងរបួសនៅក្នុងការវាយប្រហារនេះ។
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានបញ្ជាក់ថា ការវាយប្រហារនេះ គឺជាការសងសឹកចំពោះសកម្មភាព “ភេរវករ” របស់ទីក្រុងគៀវ និងការប៉ុនប៉ងកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលដ៏សំខាន់របស់រុស្ស៊ី។ ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ អ៊ុយក្រែនបានកំណត់គោលដៅខ្សែថាមពលតង់ស្យុងខ្ពស់ដែលតភ្ជាប់រោងចក្រថាមពលនុយក្លេអ៊ែររបស់រុស្ស៊ីទៅកាន់បណ្តាញអគ្គិសនី ប៉ុនប៉ងបំផ្លាញបំពង់បង្ហូរឧស្ម័ននាំចេញ ហើយទីបំផុតការផ្ទុះដែលបំផ្លាញស្ពាន Crimea ប្រធានាធិបតីបានបញ្ជាក់ដោយព្រមានថា ទីក្រុងមូស្គូនឹងមិនអត់ធ្មត់ចំពោះកលល្បិច “ភេរវករ” បែបនេះពីទីក្រុងគៀវទៀតទេ៕