ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកអំណោយឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ទៅឧបត្ថម្ភជូនពលរដ្ឋ កំពុងរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់ នៅស្រុកកំពង់ស្វាយ
ភ្នំពេញ៖ ដោយមានសំណូមពរពីប្រជាពលរដ្ឋ និងអាជ្ញាធរដែនដី ដែលរងផលប៉ះពាល់ដោយគ្រោះធម្មជាតិជំនន់ទឹកភ្លៀង នៅភូមិព្រេន ឃុំព្រៃគុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
នៅរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំសហការី រួមជាមួយអាជ្ញាធរដែនដី នាំយកអំណោយស្បៀងអាហារ គ្រឿងឧបភោគបរិភោគ និងថ្នាំពេទ្យ សម្រាប់ព្យាបាលជំងឺ ជូនប្រជាពលរដ្ឋ ដែលកំពុងរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់ ចំនួន ២០ គ្រួសារនៅភូមិព្រេន ឃុំព្រៃគុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្ដេចទាំងទ្វេតែងតែមានការព្រួយបារម្ភអំពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងពេលដែលកំពុងរងផលប៉ះពាល់ដោយគ្រោះធម្មជាតិជំនន់ទឹកភ្លៀងនៅតាមមូលដ្ឋាននានាមួយចំនួន ក្នុងខេត្តកំពង់ធំយើង។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវមើលថែទាំកូនចៅតូចៗមិនត្រូវបណ្ដែតបណ្ដោយឱ្យលេងទឹកខ្លាចមានគ្រោះថ្នាក់ដល់អាយុជីវិត នឹងត្រូវខិតខំថែរក្សាសុខភាពអនាម័យក្នុងការបរិភោគចំណីអាហារជៀសវាងឆ្លងជំងឺដង្កាត់ផ្សេងៗ។ ជាមួយនោះដែរ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានណែនាំដល់បងប្អូនទាំងអស់ត្រូវត្រៀមលក្ខណៈរៀបចំការបង្កបង្កើនផលស្រូវឡើងវិញ នៅរដូវសម្រកខាងមុខនេះ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ជូនថាអំណោយដែលបានឧបត្ថម្ភជូនបងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយគ្រោះធម្មជាតិជំនន់ទឹកភ្លៀងនៅពេលនេះ គឺជាអំណោយរបស់ឯកឧត្តម ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ ពេជ ចន្ទមុន្នី ដែលបានឧបត្ថម្ភជូនបងប្អូនចំនួន២០ គ្រួសារ ដែលមានជីវភាពលំបាកខ្វះខាតនៅពេលនេះ ដោយក្នុងមួយគ្រួសារទទួលបាននូវអង្ករ២៥គីឡូក្រាម មីជាតិចំនួន១កេស ទឹកពិសាបរិសុទ្ធចំនួ១កេស និងត្រីខកំប៉ុងចំនួន១យួរ និងបានចាត់តាំងក្រុមគ្រូពេទ្យ ដើម្បីផ្ដល់ថ្នាំពេទ្យសម្រាប់ព្យាបាលជំងឺផ្សេងៗ ជូនបងប្អូនប្រជាពលរដ្ឋ ផងដែរ។
ប្រជាពលរដ្ឋនិងអាជ្ញាធរដែនដី នៅឃុំព្រៃគុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានជួយដោះស្រាយនូវទុក្ខលំបាករបស់ពួកគាត់បានទាន់ពេលវេលានៅពេលនេះ៕