លោកពូទីនផ្តល់ការផ្គត់ផ្គង់ឧស្ម័នបន្ថែមដល់អឺរ៉ុប
មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានមានប្រសាសន៍កាលពីថ្ងៃពុធថា ប្រទេសរុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់បរិមាណឧស្ម័នធម្មជាតិបន្ថែមទៀតទៅកាន់សហភាពអឺរ៉ុបក្នុងអំឡុងរដូវស្លឹកឈើជ្រុះរដូវរងា។
លោកពូទីនបានអោយដឹងនៅក្នុងសម័យប្រជុំពេញអង្គនៃវេទិកាអន្តរជាតិ “សប្តាហ៍ថាមពលរុស្ស៊ី” នៅទីក្រុងមូស្គូថាសាខាមួយក្នុងចំណោមសាខាទាំងពីរនៃបំពង់ Nord Stream ២ បានរួចផុតពីឧប្បត្តិហេតុលេចធ្លាយនាពេលថ្មីៗនេះ ហើយប្រទេសរុស្ស៊ីមានឆន្ទៈក្នុងការបញ្ជូនឧស្ម័នឆ្លងកាត់វាទៅកាន់អឺរ៉ុប។
លោកបានបញ្ជាក់ថា “សមត្ថភាពរបស់វាគឺ ២៧.៥ ពាន់លានម៉ែត្រគូបក្នុងមួយឆ្នាំ ដែលស្មើនឹង ៨% នៃការនាំចូលឧស្ម័នទាំងអស់របស់អឺរ៉ុប។ ប្រទេសរុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេចដើម្បីចាប់ផ្តើមការចែកចាយបែបនេះ។ បាល់គឺនៅខាងសហភាពអឺរ៉ុប” ។
ប្រទេសរុស្ស៊ីក៏អាចផ្ទេរបរិមាណដែលបាត់បង់តាមរយៈបំពង់បង្ហូរ Nord Stream ទៅកាន់តំបន់សមុទ្រខ្មៅ និងបង្កើតផ្លូវផ្គត់ផ្គង់សំខាន់ៗទៅកាន់អឺរ៉ុបតាមរយៈ Türkiye “ប្រសិនបើជាការពិត ដៃគូរបស់យើងចាប់អារម្មណ៍លើបញ្ហានេះ” ។
នៅក្នុងវេទិកានេះ លោកពូទីនបានសម្តែងការព្រួយបារម្ភអំពីតម្លៃថាមពលមិនស្ថិតស្ថេរ និងអតុល្យភាពក្នុងការផ្គត់ផ្គង់ និងតម្រូវការ ហើយលោកបានរិះគន់ប្រទេសមួយចំនួន “ដែលត្រូវបានដឹកនាំដោយមហិច្ឆតាភូមិសាស្ត្រនយោបាយផ្ទាល់របស់ពួកគេ ងាកទៅរកការរើសអើងទាំងស្រុងនៅក្នុងទីផ្សារ”។
លោកបានហៅការបំផ្លិចបំផ្លាញនៃបំពង់បង្ហូរឧស្ម័ន Nord Stream ១ និង ២ ថាជាអំពើភេរវកម្មអន្តរជាតិ។
លោក ពូទីន បានអោយដឹងថា អ្នកដែលនៅពីក្រោយការបំផ្លិចបំផ្លាញបានស្វែងរកការផ្តាច់ទំនាក់ទំនងទាំងស្រុងរវាងរុស្ស៊ី និងសហភាពអឺរ៉ុប ធ្វើឱ្យចុះខ្សោយសក្តានុពលឧស្សាហកម្មរបស់អឺរ៉ុប និងដណ្តើមយកទីផ្សារ។