ក្រសួងព័ត៌មាន កំពុងពិនិត្យស្រាវជ្រាវលើករណីបុគ្គលសារព័ត៌មាន ដែលប្រើពាក្យសម្តីប្រមាថដល់ព្រះសង្ឃមួយអង្គ ដែលមានបញ្ហាខួរក្បាល
ភ្នំពេញ៖ ឯកឧត្តម មាស សុភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រសួងព័ត៌មាន កំពុងពិនិត្យ និងស្រាវជ្រាវលើករណីបុគ្គលដែលអះអាងថាខ្លះជាអ្នកសារព័ត៌មាន ហើយផ្សាយផ្ទាល់ដោយប្រើពាក្យសម្តីប្រមាថដល់ព្រះសង្ឃមួយអង្គ ដែលមានបញ្ហាខួរក្បាលថ្មីៗនេះ។ នេះបើយោងតាមការបញ្ជាក់របស់ឯកឧត្តម មាស សុភ័ណ្ឌ ប្រាប់សារព័ត៌មាននៅថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០២២ ។
ពាក់ព័ន្ធនឹង ករណីនេះ ឯកឧត្តម មាស សុភ័ណ្ឌ បានបញ្ជាក់ដូច្នេះថា៖ «ពាក់ព័ន្ធនឹង ករណីនេះ ខាងជំនាញ របស់ អគ្គនាយក ដ្ឋាន ព័ត៌មាន និង សោតទស្សន៍ នៃក្រសួង ព័ត៌មាន កំពុងពិនិត្យ លើការផ្សព្វផ្សាយថា តើអ្នកសារ ព័ត៌មាន នោះបានចុះបញ្ជីស្របច្បាប់នៅក្រសួង ព័ត៌មាន ដែរឬទេ ? ព្រមទាំង ខ្លឹមសារ នៃការផ្សព្វផ្សាយ។ ក្នុង ករណី រកឃើញថា អ្នក សារព័ត៌មាន នោះបានចុះបញ្ជីត្រឹមត្រូវនៅក្រសួង ខាងក្រសួង នឹងធ្វើការអប់រំណែនាំ តម្រង់ទិសរូបនោះឱ្យគោរពឱ្យបានខ្ជាប់ខ្ជួនទៅតាមគោលការណ៍ក្រមសីលធ៌មវិជ្ជាជីវៈសារព័ត៌មាន ក្នុងការរាយការណ៍ ព័ត៌មាន ប្រកបដោយ ការទទួលខុសត្រូវ ខ្ពស់ និងសេចក្តីថ្លៃថ្នូរដោយអនុលោមតាម ច្បាប់របបសារ ព័ត៌មាន និង ក្រម សីលធម៌ វិជ្ជាជីវៈ សារព័ត៌មាន ឬអាចនឹងឈានទៅបញ្ជប់អាជ្ញាបណ្ណតែម្តង»។
អ្នកនាំពាក្យក្រសួងព័ត៌មាន បានអំពាវនាវដល់អ្នកសារព័ត៌មានក៏ដូចជាអ្នកប្រកប វិជ្ជាជីវៈអ្នកសារព័ត៌មានទាំងអស់ ធ្វើយ៉ាងអនុវត្ដតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវ គោរពឲ្យបានជាដាច់ខាតនូវអ្វីដែលជាគោលការណ៍ក្រមសីលវិជ្ជាជីវៈអ្នកសារព័ត៌មាន ក៏ដូចជាច្បាប់អ្នកសារព័ត៌មាន ចៀសវាងការរាយការណ៍ដោយពុំ បានផ្ទៀងផ្ទាត់នៅប្រភពឲ្យបានគ្រប់ជ្រុងជ្រាយក៏ដូចជា ការប្រើប្រាស់ពាក្យសម្ដីអសុរោះ ពាក្យសម្ដីជេប្រមាថ ឬក៏ពាក្យសម្ដីមិនសមរម្យ នូវក្នុងការរាយការណ៍ព័ត៌មានរបស់ខ្លួន ដែរវានាំឲ្យប៉ះពាល់ដល់គុណតម្លៃរបស់អ្នកសារព័ត៌មាន ប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូររបស់អ្នកសារព័ត៌មាន ហើយក៏វានឹងប្រាស់ចាកទៅច្បាប់ក៏ដូចជាក្រមសីលធម៌អ្នកសារព័ត៌មានផងដែរ៕
ប្រភពៈ ក្រសួងព័ត៌មាន