ឯកឧត្តម តឹករ៉េត សំរេច រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ដឹកនាំកិច្ចប្រជុំអន្តរក្រសួងដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងគោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧
ភ្នំពេញ៖ ឯកឧត្តម តឹករ៉េត សំរេច រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ បានដឹកនាំកិច្ចប្រជុំពិភាក្សាតាមប្រព័ន្ធវីដេអូ (Zoom) លើសេចក្តីព្រាងគោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧។
កិច្ចប្រជុំខាងលើមានការអញ្ញើញចូលរួមពី ឯកឧត្តម-លោកជំទាវថ្នាក់ដឹកនាំតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ និងសាមីក្រសួង ដឹកនាំដោយ ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួង អគ្គនាយកជំរុញពាណិជ្ជកម្ម និងមន្ត្រីជំនាញរបស់នាយកដ្ឋានគោលនយោបាយពាណិជ្ជកម្ម។
គោលបំណងនៃកិច្ចប្រជុំ គឺដើមី្បបន្តពិនិត្យ និងពិភាក្សាកែសម្រួលខ្លឹមសារដោយលម្អិតក្នុងសេចក្តីព្រាងគោលនយោបាយជាតិស្ដីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧ បន្ទាប់ពីបានដាក់ឆ្លងកិច្ចប្រជុំក្រុមការងារបច្ចេកទេសគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២កន្លងមក។
ជាលទ្ធផលកិច្ចប្រជុំបានពិនិត្យ និងពិភាក្សាលើចំណុចមួយចំនួនតាមរបៀបវារៈដែលបានគ្រោងទុក ហើយខ្លឹមសារដែលនៅសល់នឹងត្រូវដាក់ក្នុងកិច្ចប្រជុំបន្ទាប់នាពេលក្រោយ៕