ឯកឧត្ដម ប៉ាន សូរស័ក្ដិ ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតតួកគីថ្មី ប្រចាំកម្ពុជា
ភ្នំពេញ៖ ឯកឧត្ដម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវ Ülkü Kocaefe ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពតែងតាំងថ្មីនៃសាធារណរដ្ឋតួកគី ប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សាលើការបន្តលើកកម្ពស់ និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ ឱ្យកាន់តែល្អប្រសើរថែមទៀត។
ជាកិច្ចចាប់ផ្ដើម ឯកឧត្ដមរដ្ឋមន្រ្តី បានសម្ដែងការស្វាគមន៍ និងអបអរសាទរជូនចំពោះ លោកជំទាវឯកអគ្គរដ្ឋទូត ក្នុងឱកាសត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតតួកគីប្រចាំកម្ពុជា និងបង្ហាញពីសុទិដ្ឋិនិយមចំពោះបេសកកម្មការទូតដ៏មានអត្ថន័យនេះ ព្រមទាំងការប្តេជ្ញាចិត្តយ៉ាងមោះមុត ក្នុងការបន្តរឹតបន្តឹងចំណងមិត្តភាពដ៏ល្អរវាងប្រទេសទាំងពីរ។
ឯកឧត្ដមរដ្ឋមន្រ្តីបានជម្រាបជូនអំពីកាលានុវត្តភាពធុរកិច្ច និងបរិយាកាសវិនិយោគ ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តកកើតថ្មីៗ នៅកម្ពុជា ដែលអំណោផលសម្រួលដល់ការធ្វើពាណិជ្ជកម្ម ការតាំងទីផលិតកម្ម និងការចូលរួមខ្សែច្រវ៉ាក់ផលិតកម្មក្នុងតំបន់។ ក្នុងន័យនេះ ឯកឧត្តមបានស្នើឱ្យលោកជំទាវ បន្តកៀងគរធុរជន និងវិនិយោគិនតួកគីមកធ្វើការវិនិយោគនៅកម្ពុជា ជាពិសេសក្នុងវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងការកែច្នៃម្ហូបតាមស្តង់ដាហាឡាល ដែលកម្ពុជាមានវត្ថុធាតុដើមសំបូរបែប រួមមាន៖ កៅស៊ូ ដំឡូងមី ស្រូវ ស្វាយ ចេក ជាដើម។ បន្ថែមលើនេះ ឯកឧត្តមបានស្នើឱ្យមានការតភ្ជាប់ជើងហោះហើរត្រង់ និងកិច្ចសហប្រតិបត្តិការផ្នែកហាឡាល។
ជាការឆ្លើយតប លោកជំទាវឯកអគ្គរដ្ឋទូត បានកោតសរសើរចំពោះសន្ទុះនៃការអភិវឌ្ឍខឿនសេដ្ឋកិច្ចរបស់កម្ពុជា ដែលឆ្លុះបញ្ចាំងឱ្យឃើញតាមរយៈភាពធន់នៃសេដ្ឋកិច្ច និងភាពអាចផ្គត់ផ្គង់ដោយខ្លួនឯងបានតាមរយៈអតិរេកស្បៀងបម្រុងរបស់កម្ពុជា ត្បិតក្នុងវិបត្តិនានាក្នុងពិភពលោក។ ជាមួយគ្នានេះ លោកជំទាវបានបង្ហាញអំពីឆន្ទៈនិងគោលជំហរដ៏មោះមុត ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែស៊ីជម្រៅ ជាពិសេសពាណិជ្ជកម្ម វិនិយោគ ការអប់រំ និងកិច្ចការហាឡាល និងព្យាយាមជំរុញការតភ្ជាប់ជើងហោះហើរត្រង់រវាងកម្ពុជា និងតួកគី។ លើសពីនេះ លោកជំទាវបានជម្រាបជូនថា នឹងមានការបង្កើតការិយាល័យពាណិជ្ជកម្មនៅស្ថានទូតតួកគីប្រចាំកម្ពុជា ដើម្បីជំរុញបង្កើនទំហំពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីឱ្យកាន់តែប្រសើរ។
ឆ្លៀតក្នុងឱកាសនោះ ភាគីទាំងពីរបានគូសបញ្ជាក់អំពីកិច្ចសហការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ជាពិសេសតាមរយៈយន្តការគណៈកម្មការសេដ្ឋកិច្ចចម្រុះកម្ពុជា-តួកគី ដែលកិច្ចប្រជុំលើកទី៣ នឹងគ្រោងធ្វើនៅរាជធានីភ្នំពេញ នាពេលខាងមុខ។ ចាប់តាំងពីឆ្នាំ២០១៥មក គណៈកម្មការសេដ្ឋកិច្ចចម្រុះកម្ពុជា-តួកគី បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យអាទិភាព រួមមាន៖ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ អប់រំ កសិកម្ម សុខាភិបាល ឧស្សាហកម្ម វិទ្យាសាស្រ្តនិងបច្ចេកវិទ្យា។-ល-។
គួរបញ្ជាក់ផងដែរថា៖ ពាណិជ្ជកម្មរវាងកម្ពុជា-តួកគីសម្រេចបានទំហំប្រមាណ ៩០ លានដុល្លារអាមេរិកក្នុងឆ្នាំ២០២១ និងដោយឡែក ក្នុងរយៈពេល៨ខែដើមឆ្នាំ២០២២នេះ ទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបាន ៨៥ លានដុល្លារអាមេរិក។ មុខទំនិញសំខាន់ៗ សម្រាប់ពាណិជ្ជកម្មទ្វេភាគីរួមមាន៖ វាយនភណ្ឌនិងសម្លៀកបំពាក់ ស្បែកជើង អង្ករ កៅស៊ូ គ្រឿងបរិភោគ បរិធានអគ្គិសនី យានយន្ត រ៉ែ។-ល-៕