ឯកឧត្តម ស៊ុយ ឌីម៉ង់ ដឹកនាំកិច្ចប្រជុំពិនិត្យ និងវាយតម្លៃលទ្ធផលការអនុវត្តកម្មវិធីការងាររយៈពេល ៩ខែ និងទិសដៅការងារបន្តសម្រាប់ត្រីមាសទី៤ របស់អង្គភាពថវិកាចំណុះក្រសួងរ៉ែ
ភ្នំពេញ៖ ឯកឧត្តម ស៊ុយ ឌីម៉ង់ រដ្ឋលេខាធិការក្រសួងរ៉ែនិងថាមពល ទទួលបន្ទុកការងារផែនការ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិនិត្យ និងវាយតម្លៃលទ្ធផលការអនុវត្តកម្មវិធីការងាររយៈពេល ៩ខែ (នព្វមាស) និងលើកទិសដៅការងារបន្តសម្រាប់ត្រីមាសទី៤ របស់អង្គភាពថវិកាចំនួន៣ រួមមានអគ្គនាយកដ្ឋានថាមពល អគ្គនាយកដ្ឋានប្រេងកាត និងអគ្គនាយកដ្ឋានកិច្ចការទូទៅ ដោយមានការចូលរួមពីឯកឧត្តមអគ្គនាយក ឯកឧត្តមអគ្គាធិការ លោក លោកស្រីជាអគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ និងមន្រ្តីពាក់ព័ន្ធទាំងអស់។ កិច្ចប្រជុំនេះប្រព្រឹត្តទៅអស់រយៈពេល ២ថ្ងៃ គឺចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២។
ការអនុវត្តការងារវាយតម្លៃបច្ចុប្បន្នរបស់ក្រសួង ដែលចាប់ផ្តើមអនុវត្តកាលពីឆ្នាំ២០២០មក គឺជាការវាយតម្លៃបែបបរិមាណ ដែលជាមូលដ្ឋានគ្រឹះក្នុងការចាប់ផ្តើមអនុវត្តយន្តការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃរបស់រាជរដ្ឋាភិបាល នឹងត្រូវអនុវត្តស្របពេលជាមួយគ្នានឹងថវិកាព័ត៌មានសមិទ្ធកម្ម ក្នុងដំណាក់កាលនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ជាតិ។