ឯកឧត្ដម ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល ដឹកនាំដោយបក្សប្រជាជន មានសម្តេចតេជោជាប្រមុខ តែងបានអនុវត្តគោលនយោបាយ ប្រកបដោយធម៌ ជាកត្តាអាទិភាពចម្បង នៅគ្រប់កិច្ចការ និងគ្រប់ដំណាក់កាលទាំងអស់
ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា ខុសពីការដឹកនាំនៅក្នុងរបបប៉ុលពត រាជរដ្ឋាភិបាលដឹកនាំ ដោយគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ជាប្រមុខ តែងបានអនុវត្តគោលនយោបាយ ប្រកបដោយធម៌ជាកត្តាអាទិភាពចម្បង នៅក្នុងគ្រប់កិច្ចការ និងគ្រប់ដំណាក់កាលទាំងអស់ ទាំងការសង្គ្រោះអាយុជីវិត, ការបង្កើតដង្ហើមសេដ្ឋកិច្ច, ការបង្កើនឱកាសការងារ, ការបង្កលក្ខណៈដល់ការអនុវត្ត សិទ្ធិសេរីភាពគ្រប់បែបយ៉ាង ជូនប្រជាពលរដ្ឋ រហូតទទួលបានការស្រលាញ់ជឿជាក់ និងក្តីទុកចិត្តជានិច្ចនិរន្តរ៍តរៀងមក។
ថ្លែងក្នុងពិធីស្រោចស្រពសុគន្ធវារី ប្រកាសព្រះរាជក្រឹតប្រទានគោរមងារ ប្រគេនព្រះមេគណខេត្តកំពង់ឆ្នាំង និងសម្ពោធសមិទ្ធផលនានា នៅក្នុងវត្តអារញ្ញិការាម ក្រុងកំពង់ឆ្នាំង នាថ្ងៃទី១៤ តុលា ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានសម្តែងនូវមោទនភាពចំពោះការអភិវឌ្ឍរីកចម្រើនទាំងផ្នែកពុទ្ធចក្រ និងអាណាចក្ររបស់ខេត្តកំពង់ឆ្នាំង និងសូមថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការរដ្ឋបាលខេត្ត និងមន្ទីរជុំវិញខេត្ត អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងលោកគ្រូអ្នកគ្រូ ដែលបាននិងកំពុងយកចិត្តទុកដាក់លើការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋបានកាន់តែល្អប្រសើរ។
ជាមួយគ្នានេះផងដែរ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានអរគុណដល់គណៈកម្មាធិការគណបក្សខេត្ត ក្រុង-ស្រុក ឃុំ-សង្កាត់ និងសាខាបក្សភូមិ ព្រមទាំងក្រុមការងារចុះមូលដ្ឋានគ្រប់យន្តការនៅក្នុងមូលដ្ឋានក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ដែលបាននៅកៀកជិតស្និទ្ធបម្រើប្រជាជនដូចភ្លៀងរលឹម ដោយមិនគិតពីការនឿយហត់ និងប្រកបដោយការលះបង់គ្រប់បែបយ៉ាង ដើម្បីផ្តល់ភាពកក់ក្តៅ និងស្នាមញញឹមជូនប្រជាពលរដ្ឋតាមមូលដ្ឋាន រហូតទទួលបាននូវទំនុកចិត្តដ៏លើសលប់ក្នុងគ្រប់អាណត្តិនៃការបោះឆ្នោតកន្លងមក។
ឯកឧត្តមបណ្ឌិត បញ្ជាក់ថា គណប្រជាជនកម្ពុជាមានភាពរឹងមាំ គឺដោយសារកម្លាំងសាមគ្គីភាពដ៏ស្អិតរមួតរបស់ថ្នាក់ដឹកនាំ និងប្រតិបត្តិករគ្រប់លំដាប់ថ្នាក់ រួមជាមួយនឹងការគាំទ្រដ៏ស្មោះស្ម័គ្រពីសំណាក់ប្រជាជនជាម្ចាស់ស្រុក ៕