រដ្ឋបាលខេត្តកំពង់ឆ្នាំង បានប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ “ព្រះបរមរតនកោដ្ឋ” គម្រប់ខួប ១០ឆ្នាំ
ភ្នំពេញ៖ ឯកឧត្តមស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត រួមជាមួយឯកឧត្តម ស៊ីវ រុន សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយករងរដ្ឋបាលសាលាខេត្ត អភិបាលក្រុង ស្រុក ថ្នាក់ដឹកនាំកងកម្លាំង ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត យាយជី តាជី យុវជន នាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ បានចូលរួមក្នុងពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត គម្រប់ខួប ១០ឆ្នាំ (១៥ តុលា ២០១២ – ១៥ តុលា ២០២២)។
ឯកឧត្តមអភិបាលខេត្ត ក្នុងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ និងប្រជារាស្ត្រទូទាំងខេត្ត បានគោរពថ្វាយមហាព្រះរាជកុសល និងសម្តែងនូវការគោរពដឹងគុណដ៏ខ្ពង់ខ្ពស់បំផុតថ្វាយចំពោះព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ និងបូជាព្រះកាយពលដ៏ធំធេងបំផុតចំពោះជាតិមាតុភូមិកម្ពុជា៕