សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ ស្ដីពីការផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង នាព្រឹកថ្ងៃអាទិត្យ ៦រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២នេះ បានអញ្ជើញជាធិបតីក្នុងកិច្ចប្រជុំ ស្ដីពីការផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង។
ក្នុងកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាសមាជិករដ្ឋសភា ព្រឹទ្ធសភា ថ្នាក់ដឹកនាំ និងសមាជិកក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង និងក្រុង ស្រុក ឃុំ សង្កាត់ ចំណុះមូលដ្ឋានខេត្ត ថ្នាក់ដឹកនាំ សមាជិក សមាជិកា គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង និងគណៈកម្មាធិការគណបក្សក្រុង ស្រុក ឃុំ សង្កាត់ នៃខេត្តព្រៃវែង ព្រមទាំងសកម្មជន សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង ជាច្រើនរូបទៀត។
សម្ដេចក្រឡាហោម ស ខេង ក្នុងនាមសម្ដេចតេជោប្រធានគណបក្ស និងគណៈអចិន្ត្រៃយ៍គណបក្ស បានថ្លែងអំណរគុណ និងកោតសរសើរ ព្រមទាំងវាយតម្លៃខ្ពស់ចំពោះក្រុមការងារគណបក្សគ្រប់ផ្នែក ព្រមទាំងសកម្មជនដែលបានខិតខំរួមកម្លាំងសាមគ្គីគ្នាប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ធ្វើឱ្យគណបក្សទទួលបានជ័យចម្នះយ៉ាងត្រចាស់ត្រចង់ក្នុងការបោះឆ្នោតឃុំ សង្កាត់ កាលពីពេលកន្លងទៅ ពិសេសការបន្តចូលរួមដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ។
សម្ដេចក្រឡាហោម សង្ឃឹមថា ក្រុមការងារគណបក្សគ្រប់ផ្នែកទាំងអស់ក្នុងមូលដ្ឋានខេត្តព្រៃវែង នឹងបន្តរួមគ្នាអនុវត្តឱ្យបានសកម្ម និងប្រកបដោយប្រសិទ្ធភាពនូវផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៅឆ្នាំ២០២៣ខាងមុខនេះ។ ផ្អែកលើការងារកំណត់ក្នុងផែនការរួម សម្ដេចបានផ្ដល់ទស្សនាទានមួយចំនួនទៅកាន់អង្គពិធី ដើម្បីជាជំនួយស្មារតីបន្ថែមក្នុងការរៀបចំផែនការបន្តទៀត សម្រាប់គណបក្សនៅតាមមូលដ្ឋានក្រុងស្រុកនៃខេត្តព្រៃវែងទាំងមុនដំណាច់ឆ្នាំ២០២២ និងបន្តរហូតដល់ការបោះឆ្នោត៕