នាយឧត្តមសេនីយ៍ ឈុំ សុជាត៖ ក្រោមម្លប់នៃសុខសន្តិភាព ប្រទេសជាតិមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ កំណើនសេដ្ឋកិច្ចប្រកបដោយចេរភាពកាន់តែរឹងមាំ
ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ឈុំ សុជាត រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានមានប្រសាសន៍ថា ក្រោមម្លប់នៃសុខសន្តិភាពពេញលេញ និងសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈល្អប្រសើរ ប្រទេសជាតិមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ កំណើនសេដ្ឋកិច្ចប្រកបដោយចេរភាពកាន់តែរឹងមាំថែមទាំងកាត់បន្ថយនូវភាពក្រីក្ររបស់ប្រជាពលរដ្ឋជាបណ្ដើរៗ។៊
មានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មានស្ដីពី សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំ របស់ក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ នាយឧត្តមសេនីយ៍ ឈុំ សុជាត បានឲ្យដឹងថា ស្ថិតក្រោមម្លប់ដ៏ត្រជាក់នៃព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងក្រោមការដឹងដ៏ឈ្លាសវៃប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទទួលបាននូវសុខសន្តិភាពពេញលេញ និងសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈល្អប្រសើរ ប្រទេសជាតិមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ កំណើនសេដ្ឋកិច្ចប្រកបដោយចេរភាពកាន់តែរឹងមាំថែមទាំងកាត់បន្ថយនូវភាពក្រីក្ររបស់ប្រជាពលរដ្ឋជាបណ្ដើរៗ។
នាយឧត្តមសេនីយ៍បន្តថា ទោះបីជាក្នុងរយះពេល៣ឆ្នាំកន្លងមកនេះប្រទេសកម្ពុជាបានទទួលរងនូវផលប៉ះពាល់វិស័យមួយចំនួនដូចជា វិបត្តិកូវីត-១៩ ប៉ុន្តែជារួមស្ថេរភាពនយោបាយ និងសន្តិសុខសណ្ដាប់ធ្នាប់សង្គមមានភាពល្អប្រសើរទទួលបាននូវការគាំទ្រពីមជ្ឍដ្ឋានជាតិនិងអន្តរជាតិនានា។
ឯកឧត្តម នាយឧត្តមសេនីយ៍បន្ថែមថា ទន្ទឹមនឹងនោះរាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការនានាជាបន្តបន្ទាប់ដើម្បីទប់ស្កាត់ការរីករាលដាល់នៃជំងឺកូវីត-១៩ ដើម្បីខិតខំស្វះស្វែងរកវ៉ាក់សាំងជំងឺកូវីត-១៩មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃទូទាំងប្រទេសព្រមទាំងបានដោះស្រាយផលវិបាកប៉ះពាល់ដល់វិស័យឯកជននិងបានដាក់ចេញគោលនយោបាយឧបត្ថម្ភសាច់ប្រាក់ជូនកម្មករនិងកម្មានីដែលបាត់បង់ការងារក្នុងវិស័យកាត់ដេរ ជាសោតគ្រួសារក្រីក្រនិងងាយរងគ្រោះ។
នាយឧត្តមសេនីយ៍ ឈុំ សុជាត បានឲ្យដឹងទៀតថា កម្ពុជាបានបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ បានបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ និងបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ហើយព្រឹត្តិការណ៍ទាំង៣នេះបានប្រព្រឹត្តទៅដោយរលូនប្រកបដោយជោគជ័យត្រូវបានមជ្ឍដ្ឋានជាតិនិងអន្តរជាតិវាយតម្លៃខ្ពស់មានលក្ខណៈសេរីត្រឹមត្រូវ យុត្តិធម៌ គ្មានការគំរាមកំហែង គ្មានអំពើហិង្សាប្រកបដោយតម្លាភាព៕