លោកជំទាវ ឃួន សុដារី ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូទីក្រុងឃ្យុងយូ នៃសាធារណរដ្ឋកូរ៉េ
ភ្នំពេញ៖ លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា នៅព្រឹកថ្ងៃពុធ ទី១៩ ខែតុលា ឆ្នាំ២០២២ បានអនុញ្ញាតឱ្យគណៈប្រតិភូទីក្រុងឃ្យុងយូ នៃសាធារណរដ្ឋកូរ៉េ ដឹកនាំដោយឯកឧត្តម ជូ ណាក់យ៊ាំង (Joo Nak-young) អភិបាលក្រុងឃ្យុងជូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួន។
ជាកិច្ចចាប់ផ្តើម លោកជំទាវ កិត្តិសង្គហបណ្ឌិត បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះគណៈប្រតិភូគណៈប្រតិភូទីក្រុងឃ្យុងយូ នៃសាធារណរដ្ឋកូរ៉េ ដែលបានមកបំពេញទស្សនិច្ចកម្ពុជា និងជាពិសេសមកកាន់រដ្ឋសភានាពេលនេះ។
លោកជំទាវ បានរំលឹកឡើងវិញនូវដំណើរអញ្ជើញចូលរួមជាសហអធិបតី តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងពិធីបិទពិព័រណ៍វប្បធម៌ពិភពលោកឃ្យុងយូ-ឆ្នាំ២០១៩» កាលពីឆ្នាំ២០១៩ នៅទីក្រុងឃ្យុងយូ ខេត្តឃ្យុងសាងបុកដូ នៃសាធារណរដ្ឋកូរ៉េ។
លោកជំទាវ បានគូសបញ្ជាក់នូវសារៈសំខាន់ដែលទទួលបានពីការចូលរួមពិព័រណ៍វប្បធម៌នេះ ដែលជាព្រឹត្តិការណ៍ពិសេសអស្ចារ្យមួយដោយបានឆ្លុះបញ្ចាំងពីប្រវត្តិសាស្រ្ត តំលៃ ប្រភពនៃសន្តិភាព ភាពសុខដុមរមនា ការអភិវឌ្ឍន៍ និងនវានុវត្តន៍ ដែលជាកំលាំងចលករក្នុងដំណើរអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម។
លោកជំទាវ បានមានប្រសាសន៍បន្ថែមថា តាមរយៈបទពិសោធន៍ដែលបានទស្សនកិច្ចនៅប្រទេសកូរ៉េកន្លងមក ជាពិសេសនៅទីក្រុងឃ្យុងយូ អំពីការតភ្ជាប់ទំនាក់ទំនងរវាងមនុស្សនិងមនុស្ស ការបង្កើនបណ្តាញទំនាក់ទំនង និងវេទិការវាងសហគមន៍និងរដ្ឋាភិបាល ដើម្បីលើកកម្ពស់សន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព តាមរយៈការជំរុញភាពចម្រុះនៃវប្បធម៌ ដែលពិតជាមានភាពសមស្របទៅនឹងគោលនយោបាយស្តីពីវិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍២០២០-២០៣០ របស់រាជរដ្ឋាភិបាលកម្ពុជា។
គួររំលឹកផងដែរថា ការចាប់ផ្តើមលើកដំបូងនៃពិព័រណ៍វប្បធម៌ពិភពលោកឃ្យុងយូនៅក្រៅប្រទេសកូរ៉េ ត្រូវបានធ្វើឡើងនៅខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា កាលពីចុងឆ្នាំ២០០៦ ក្រោមកិច្ចសហការរៀបចំដោយរាជរដ្ឋាភិបាលកម្ពុជា និងសាធារណរដ្ឋកូរ៉េ ដោយទទួលបានអ្នកចូលទស្សនាសរុបប្រមាណ ៣០ម៉ឺននាក់ ជាមួយការចូលរួមសម្តែងមកពី ៣៣ប្រទេស។
ឆ្លៀតក្នុងឱកាសនេះ លោកជំទាវ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សាធារណរដ្ឋកូរ៉េ ដែលបានបង្កលក្ខណៈងាយស្រួល ប្រកបដោយភាពយកចិត្តទុកដាក់ដល់ពលករខ្មែរដែលទៅបម្រើការងារនៅកូរ៉េ។
លោកជំទាវបានសង្កេតឃើញថា ដោយសារការយកចិត្តទុកដាក់ផ្សេងៗរួមមាន ការថែទាំសុខភាព ការបំពាក់បំប៉នចំណេះជំនាញបន្ថែម ជាមួយនឹងប្រាក់កំរ៉ៃពលកម្មសមរម្យ នេះ បានធ្វើឱ្យពលករខ្មែរអាចបន្តអាណត្តិការងាររបស់គេនៅប្រទេសកូរ៉េ និងបានជួយឱ្យជីវភាពគ្រួសាររបស់គេកាន់តែប្រសើរឡើង។
លោកជំទាវ បានលើកឡើងបន្ថែមថា អតីតពលករខ្មែរនៅកូរ៉េមួយចំនួនបានប្រែក្លាយជីវភាពរស់នៅសព្វថ្ងៃកាន់តែធូរធារប្រសើរឡើង ដោយសារវិជ្ជាជីវៈ បច្ចេកវិទ្យាថ្មីៗ និងភាពច្នៃប្រឌិតដែលបានរស់នៅរៀនសូត្រអំឡុងពេលបំពេញការងារនៅកូរ៉េ ព្រមទាំងបានរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់កម្ពុជាផងដែរ។
ចំពោះទំនាក់ទំនងរវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរនោះ លោកជំទាវបានមានប្រសាសន៍ថា ពលករដែលទៅធ្វើការនៅប្រទេសកូរ៉េនេះ គឺបានរួមចំណែកយ៉ាងសំខាន់ដល់សេដ្ឋកិច្ចកូរ៉េ ហើយទាក់ទងទៅនឹងស្ត្រីខ្មែរដែលបានរៀបការជាមួយស្វាមីកូរ៉េនោះ គឺជាការផ្ដល់តម្លៃជាគ្រួសារ ត្រូវបានផ្សារភ្ជាប់ទំនាក់ទំនងរវាងកម្ពុជា និងកូរ៉េកាន់តែជិតស្និទ្ធ លោកជំទាវក៏បានគាំទ្រចំពោះគ្រួសារបែបចំរុះនេះផងដែរ ។
លោកជំទាវបានសម្តែងនូវការពេញចិត្តយ៉ាងខ្លាំង ដោយតាមរយៈទំនាក់ទំនងការទូតដ៏ល្អរវាងប្រទេសទាំងពីរ រហូតមកដល់ពេលនេះប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការរវាងវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម ជាពិសេសកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីម្ពុជា-កូរ៉េ (CKFTA) ដែលត្រូវបានផ្តល់សច្ចាប័នពីសភាកូរ៉េ កាលពីពេលថ្មីៗនេះ និងភាពជាដៃគូតំបន់សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ(RCEP) ដែលបានចូលជាធរមានកាលពីខែមករាកន្លងទៅនេះ ដែលទាំងអស់នេះនឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញទំហំពាណិជ្ជកម្ម ទំហំវិនិយោគ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចកាន់តែមានភាពល្អប្រសើរបន្ថែមទៀត។
នៅក្នុងឱកាសនេះដែរ លោកជំទាវសង្ឃឹមថា ឯកឧត្តមអភិបាលក្រុងឃ្យុងយូ នឹងជួយជំរុញលើកទឹកចិត្តឱ្យអ្នកវិនិយោគិនកូរ៉េ មកវិនិយោគនៅក្នុងប្រទេសកម្ពុជាកាន់តែច្រើនបន្ថែមទៀត ដើម្បីឈានឆ្ពោះទៅរកការផ្គត់ផ្គង់ក្នុងស្រុកឱ្យបានពេញលេញគ្រប់គ្រាន់ ព្រមទាំងអាចនាំចេញទៅក្រៅប្រទេស។
ទាក់ទងទៅនឹងការវិនិយោគនៅក្នុងប្រទេសកម្ពុជា លោកជំទាវក៏បានលើកឡើងអំពីការកំណែទម្រង់ច្បាប់វិនិយោគថ្មី ដូចជាច្បាប់មិនយកពន្ធត្រួតគ្នា បូកនឹងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយដែលពិតជាអាចជំរុញពាណិជ្ជកម្មរវាងប្រទេសទាំងពីរឲ្យកាន់តែមានភាពល្អប្រសើរឡើង។