អភិបាលខេត្តតាកែវ ដឹកនាំកិច្ចប្រជុំមួយស្តីពីការត្រៀម រៀបចំព្រះរាជពិធីបុណ្យអុំទូក
ភ្នំពេញ៖ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ នៅថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានដឹកនាំកិច្ចប្រជុំមួយស្តីពីការត្រៀមរៀបចំព្រះរាជពិធីបុណ្យអ៊ុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកបំបុក នៅទន្លេបាទី ស្រុកបាទី រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី ០៦ ០៧ ខែវិច្ឆិកាខាងមុខនេះ ។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់លោកអភិបាលរងខេត្តជាច្រើនរូប ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ អភិបាល អភិបាលរងក្រុងស្រុក និងមន្រ្ទីជំនាញពាក់ព័ន្ធចូលរួមជាច្រើនរូបផងដែរ ។
ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត ក៏បានមានប្រសាសន៍ដោយធ្វើការណែនាំបន្ថែមទៀតទៅដល់អស់លោកលោកស្រី និងអ្នកពាក់ព័ន្ធនៅក្នុងគណៈកម្មការ និងអនុគណៈកម្មការខេត្តរៀបចំព្រះរាជពិធីបុណ្យអ៊ុំទូកនេះ សូមចូលរួមសហការគ្នាឱ្យបានល្អ ធ្វើយ៉ាងណាឱ្យដំណើរការនៃការរៀបចំព្រះរាជពិធីបុណ្យអ៊ុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកបំបុក នៅទន្លេបាទី ស្រុកបាទី រយៈពេល២ថ្ងៃនេះ ប្រព្រឹត្តទៅដោយរលូន ពិសេសសូមអាជ្ញាធរក្រុងស្រុក ក្នុងនាមគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងស្រុក និងកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ត្រូវតែពង្រឹងសន្តិសុខឱ្យបានល្អរឹងមាំ ដើម្បីធានាបាននូវសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ ដែលពួកគាត់អញ្ជើញមកទស្សនាពិធីបុណ្យអ៊ុំទូកនេះ ពិសេសក៏ត្រូវតែត្រៀមក្រុមគ្រូពេទ្យប្រចាំការផងដែរ ៕