នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានដឹកនាំប្រជុំត្រួតពិនិត្យស្ដីពី ការគ្រប់គ្រងទេសចរពិសេស
ភ្នំពេញ៖ ឯកឧត្ដម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នាព្រឹកថ្ងៃព្រហស្បតិ៍ ១០ រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២នេះ បានដឹកនាំប្រជុំត្រួតពិនិត្យស្ដីពី ការគ្រប់គ្រងទេសចរពិសេស ។ កិច្ចប្រជុំនេះក៏មានការអញ្ចើញចូលរួមពីឯកឧត្តម អគ្គនាយករង លោកប្រធាន-អនុប្រធាននាយកដ្ឋាន និងមន្ត្រីនៃការិយាល័យនីតិកម្ម។
ដោយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចាត់ទុកថាការគ្រប់គ្រងទេសចរពិសេស ជាកម្មវិធីមួយដែលមានសក្តានុពលភាព ដែលនឹងរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តគោលនយោបាយបើកចំហរជើងមេឃ ដែលទាក់ទាញភ្ញៀវទេសចរ ព្រមទាំងវិនិយោគិនបរទេសស្នាក់នៅ និងធ្វើធុរកិច្ច-វិនិយោគនៅកម្ពុជា ទើបអគ្គនាយកដ្ឋាន រៀបចំកិច្ចប្រជុំនេះឡើង ក្នុងគោលបំណងវិភាគ សិក្សា និងប្រមូលផ្តុំនូវមតិយោបល់ពីនាយកដ្ឋានជំនាញអំពីលក្ខខណ្ឌនៃការចេញចូល ចេញ និងស្នាក់នៅព្រះរាជាណាចក្រកម្ពុជា របស់ជនបរទេសដែលមានគុណវុឌ្ឍិជាទេសចរពិសេស ដើម្បីលើកជាធាតុចូល នៅក្នុងកិច្ចប្រជុំអន្តរស្ថាប័ន តាក់តែងសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងទេសចរពិសេស ដែលជាការផ្តួចផ្តើមដោយក្រសួងទេសចរណ៍ នៃព្រះរាជាណាចក្រកម្ពុជា៕