ខេត្តបន្ទាយមានជ័យ តាំងបង្ហាញផលិតផល “ភូមិមួយផលិតផលមួយ” អបអរសាទរព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្ដែតប្រទីប និងសំពះព្រះខែ
ភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី១៩ ខែតុលា ឆ្នាំ ២០២២ ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមដំណើរ ដោយ អភិបាលរងខេត្ត លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ បានអញ្ជើញ កាត់ខ្សែបូរណ៍ និងទស្សនាការតាំងបង្ហាញផលិតផល “ភូមិមួយផលិតផលមួយ” ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្ដែតប្រទីប និងសំពះព្រះខែ ឆ្នាំ២០២២ ដែលពិធីនេះបានរៀបចំធ្វើនៅបរវេណសួនមានជ័យ ក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
ឯកឧត្តម អ៊ុំ រាត្រី បានថ្លែងថា ការដាក់តាំងពិព័រណ៌ភូមិ១ ផលិផល១នាឱកាសនោះ ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីបនិងសំពះព្រះខែ ឆ្នាំ២០២២នេះ និងមួយវិញទៀតចង់បង្ហាញពីសមទ្ធិផលដែលជាស្នាដៃរបស់ខ្មែរផលិតក្នុងស្រុក បង្ហាញឱ្យប្រជាពលរដ្ឋក្នុង និងក្រៅប្រទេស ទាក់ទាញអ្នកវិនិយោគ ក្នុងស្រុក និងក្រៅស្រុកឱ្យងាកមកគាំទ្រនិងប្រើប្រាស់ផលិតផល ដែលបង្កើនឡើងដោយស្នាដៃកូនខ្មែរពិតៗ ក៏ដូចជាជួយស្វែងរកទីផ្សារដល់អាជីវករដែលបានផលិតផងដែរ ។
ឯកឧត្តម អ៊ុំ រាត្រី ថ្លែងបញ្ជាក់ទៀតថា ក្នុងឱកាសបើក ការតាំងលក់ពិព័រណ៌ភូមិ១ ផលិតផល១ នេះទៀតសោតគឺដើម្បីផ្សព្វផ្សាយឱ្យបានទូលំទូលាយពីស្នាដៃរបស់ខ្មែរដែលបានបន្សល់ទុកតាំងពីដូនតាយើងជាយូរមកហើយ ។ ពិសេសយើងទាំងអស់គ្នាត្រូវជួយគាំទ្រផលិតផលរបស់ខ្មែរ ជាជាងគាំទ្រផលិត ផលនៅក្រៅប្រទេស ដែលជាហេតុនាំឱ្យអាជីវករអ្នកផលិបាក់ទឹកចិត្តក្នុងការផលិត នឹងត្រូវចូលរួមលុបបំបាត់ការនាំចូលផលិតផលចូលពីបរទេស ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ និងខ្លួនយើងទៀតផង ។
បើតាមការរបស់លោក ដុំ វណ្ណឌី អនុប្រធាន មន្ទីរពាណិជ្ជកម្មខេត្ត បានឱ្យដឹងថា ៖ ស្តង់ អាជីវករ សិប្បករ ផលិតផលខ្មែរក្នុងខេត្តបន្ទាយមានជ័យ ដែលបានដាក់តាំងបង្ហាញមានចំនួន ១៨ស្តង់ និងស្តង់ទាំងអស់មានចំនួនប្រមាណជាង៦០ស្តង់ ។ ការតាំងពិព័រណ៌ភូមិ១ផលិផល១ មានរយៈពេល៧ ចាប់ពីថ្ងៃទី ១៥ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២៕