បណ្ឌិត ហ៊ុន ម៉ាណែត៖ ក្រុមហ៊ុន ហនុមាន បានរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីរក្សាភាពធន់ជាមួយវិបត្តិកូវីដ ព្រមទាំងការស្តារ និងជំរុញកំណើនសេដ្ឋកិច្ចជាតិឡើងវិញ នៅក្រោយវិបត្តិ
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា ក្រុមហ៊ុនហនុមាន ប៊ែវើរីជីស បានបង្ហាញឲ្យឃើញពីការប្តេជ្ញាចិត្តខ្ពស់ និងទស្សនវិស័យច្បាស់លាស់ ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីរក្សាភាពធន់ជាមួយនឹងវិបត្តិកូវីដ-១៩ ព្រមទាំងការស្តារ និងជំរុញកំណើនសេដ្ឋកិច្ចជាតិឡើងវិញនៅក្រោយវិបត្តិ ។
ថ្លែងក្នុងពិធីសម្ពោធជាផ្លូវការរបស់ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ស្ថិតក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា បានសម្តែងនូវការអបអរសាទរ ចំពោះការបើកសម្ពោធជាផ្លូវការរបស់ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ក្នុងថ្ងៃនេះ ដែលជាសមិទ្ធផលកើតចេញ ពីកិច្ចខិតខំប្រឹងប្រែង និងការសម្រេចចិត្តយ៉ាងមោះមុត របស់ថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់ជាន់ថ្នាក់របស់ក្រុមហ៊ុន ។
ឯកឧត្ដមបន្តថា ជាពិសេសក្នុងដំណាក់កាលនៃការរាតត្បាតខ្លាំងនៃជំងឺកូវីដ-១៩ ទាំងនៅកម្ពុជា និងក្នុងពិភពលោកទាំងមូល ដែលបានបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ស្ថានភាពសង្គម-សេដ្ឋកិច្ច ក៏ក្រុមហ៊ុននៅតែខិតខំពុះពារជម្នះការលំបាក រហូតសម្រេចបាននូវការវេចខ្ចប់លើកដំបូង និងការចែកចាយនៅលើទីផ្សារក្នុងខែកញ្ញា ឆ្នាំ២០២១ ដោយប្រើប្រាស់រយៈពេលត្រឹម ២ ឆ្នាំប៉ុណ្ណោះ។
ឯកឧត្ដមបណ្ឌិតបញ្ជាក់ថា «នេះគឺជាសក្ខីភាពមួយបង្ហាញឱ្យឃើញអំពីការប្តេជ្ញាចិត្តខ្ពស់ និងទស្សនវិស័យច្បាស់លាស់របស់ក្រុមហ៊ុនក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីរក្សាភាពធន់ជាមួយនឹងវិបត្តិកូវីដ-១៩ ព្រមទាំងការស្តារ និងជំរុញកំណើនសេដ្ឋកិច្ចជាតិឡើងវិញនៅក្រោយវិបត្តិ» ៕