យន្តហោះចម្បាំងរុស្ស៊ី ធ្លាក់ចូលអគារនៅស៊ីបេរី សម្លាប់មនុស្ស២នាក់
បរទេស៖ អ្នកបើកយន្តហោះពីរនាក់បានស្លាប់បាត់បង់ជីវិត នៅពេលដែលយន្តហោះចម្បាំងរុស្ស៊ីមួយគ្រឿងបានធ្លាក់ចូលទៅក្នុងអគារលំនៅដ្ឋានពីរជាន់ក្នុងទីក្រុង Irkutsk ភាគខាងត្បូងស៊ីបេរី។
វីដេអូនៃការធ្លាក់កាលពីថ្ងៃអាទិត្យបានបង្ហាញថា យន្តហោះបានហោះស្ទើរតែបញ្ឈរ មុនពេលបុកអគារដោយដុំភ្លើង ដោយបញ្ជូនផ្សែងខ្មៅយ៉ាងក្រាស់ទៅលើមេឃ។
អភិបាលខេត្ត Igor Kobzev បានអោយដឹងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា អ្នករស់នៅក្នុងផ្ទះសម្រាប់ពីរគ្រួសារគ្មានគ្រោះថ្នាក់អ្វីឡើយ។ គេឃើញរថយន្តពន្លត់អគ្គិភ័យនៅកន្លែងកើតហេតុកំពុងធ្វើការពន្លត់ភ្លើង។
សាខាក្នុងតំបន់នៃក្រសួងសង្គ្រោះបន្ទាន់របស់រុស្ស៊ីបានអោយដឹងថា យន្តហោះចម្បាំង Su-៣០ បានធ្លាក់អំឡុងពេលហោះហើរហ្វឹកហាត់។
Irkutsk ដែលជាមជ្ឈមណ្ឌលឧស្សាហកម្មដែលមានមនុស្សច្រើនជាង ៦០០,០០០ នាក់ គឺជាផ្ទះរបស់រោងចក្រយន្តហោះដែលផលិតយន្តហោះចម្បាំង Su-៣០ ។
ការធ្លាក់នេះបានកើតឡើងតិចជាងមួយសប្តាហ៍បន្ទាប់ពីយន្តហោះ Sukhoi Su-៣៤ បានធ្លាក់ចូលទៅក្នុងអគារលំនៅដ្ឋានច្រើនជាន់ក្នុងទីក្រុង Yeysk នៃប្រទេសរុស្ស៊ី ដោយបានសម្លាប់មនុស្ស ១៥ នាក់។
Su-៣៤ គឺជាយន្តហោះទម្លាក់គ្រាប់បែកដែលមានម៉ាស៊ីនភ្លោះ supersonic បំពាក់ដោយឧបករណ៍ចាប់សញ្ញា និងអាវុធទំនើបៗ។ វាគឺជាធាតុផ្សំសំខាន់នៃកម្លាំងទ័ពអាកាសរុស្ស៊ី ហើយត្រូវបានគេដាក់ពង្រាយយ៉ាងទូលំទូលាយនៅក្នុងសង្គ្រាមនៅក្នុងប្រទេសស៊ីរី និងការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន។