បុរសម្នាក់ បង់សំណាញ់បានអាវុធ១ដើម
ភ្នំពេញ៖ ប្រជាពលរដ្ឋឈ្មោះ ទេស គៀន ភេទប្រុស អាយុ៦៤ ឆ្នាំ រស់នៅភូមិផ្លូវបំបែក ឃុំព្រៃស្វាយ ស្រុកមោងឬស្សី ខេត្តបាត់ដំបង នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ បានមករាយការណ៍មកសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស្វាយ គាត់បានប្រទះឃើញអាវុធវែងចំនួន០១ ដើម ម៉ាកAK57 ផលិតនៅប្រទេសសូវៀត (គ្មានបង់និងគ្មានគ្រាប់) ដែលខ្លួនបង់សំណាញ់បាន ស្ថិតនៅចំណុចខាងកើតស្ពានថ្មក្នុងប្រឡាយ១៧មេសា ចំងាយប្រហែល៥០ម៉ែត្រ ផ្លូវក្រាលកៅស៊ូឆ្លងទៅស្រុករុក្ខគីរី កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ វេលាម៉ោងប្រហែល១១ និង០០នាទី។
ប្រជាពលរដ្ឋយកមកប្រគល់ជូនប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស្វាយ ដើម្បីរក្សាទុកបញ្ចូនទៅផ្នែកជំនាញ។
ឆ្លៀតក្នុងឱកាសនោះ នគរបាលស្រុកមោងឫស្សីបានថ្លែងអំណរគុណដល់ពលរដ្ឋដែលបានរាយការណ៍ជូនសមត្ថកិច្ចទាន់ពេលវេលា និងបានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានទាំងអស់ សូមអោយមានការប្រុងប្រយ័ត្នខ្ពស់នូវយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ឬអាវុធខូចគុណភាពផ្សេងៗត្រូវរាយការណ៍ជាបន្ទាន់ជូនសមត្ថកិច្ច ចៀសវាងការកើតមានគ្រោះថ្នាក់ដោយសារយុទ្ធភ័ណ្ឌ និងអាវុធទាំងនោះជាយថាហេតុ៕