សម្ដេចតេជោ៖ បក្សប្រជាជន តែងតែមានមុខគ្រប់ពេល ពលរដ្ឋមានទុក្ខលំបាក មិនមែនឃើញមុខ តែពេលបោះឆ្នោតទេ
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអះអាងថា ការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា គឺតែងតែមានមុខគ្រប់ពេលពលរដ្ឋមានទុក្ខលំបាក មិនមែនឃើញមុខតែពេលបោះឆ្នោតនោះទេ ។
ក្នុងឱកាសអញ្ជើញចែកស្រូវពូជ និងស្បៀងអាហារជូនប្រជាកសិករជាង ៣ពាន់គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់ នៅខេត្តកំពង់ឆ្នាំង នាថ្ងៃទី២៦ តុលានេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា បក្សកាន់អំណាចខុសពីបក្សប្រឆាំង ដែលមានមុខតែពេលបោះឆ្នោត ។
សម្តេចតេជោ បានប្រៀបធៀបរឿងនេះ ទៅនឹងគ្រួសារដែលមានកូននៅជិត និងកូននៅឆ្ងាយ។ សម្ដេចថា កូននៅជិតថែទាំរាល់ថ្ងៃ តែគុណសម្បត្តិមិនស្មើ កូននៅឆ្ងាយយូរៗមកលេងម្តង ។
សម្តេចតេជោ បញ្ជាក់ថា បក្សប្រជាជនតែងតែនៅរួមសុខ រួមទុក្ខជាមួយប្រជាពលរដ្ឋ។ សម្តេចថា នយោបាយបក្សប្រជាជន អ្នកដែលនៅតែពេលមានសុខ ហើយរត់ពេលមានទុក្ខ គឺមិនត្រូវបានតែងតាំងកាន់មុខតំណែង ឬតួនាទីអ្វីមួយនោះឡើយ ៕