សម្តេចតេជោ ចោទសួរទៅកាន់មេដឹកនាំបក្សភ្លើងទៀនថា តើសម្តី សម រង្ស៉ី ប្រមាថលើព្រះមហាក្សត្រត្រឹមត្រូវដែរទេ?
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចោទសួរទៅកាន់មេដឹកនាំបក្សភ្លើងទៀនថា តើសម្តីរបស់ជនក្បត់ជាតិ ៣ជំនាន់ សម រង្ស៉ី ប្រមាថលើព្រះចេស្តា ព្រះមហាក្សត្រត្រឹមត្រូវដែរទេ?
ក្នុងឱកាសអញ្ជើញចែកស្រូវពូជ និងស្បៀងអាហារជូនប្រជាកសិករជាង ៣ពាន់គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់ នៅខេត្តកំពង់ឆ្នាំង នាថ្ងៃទី២៦ តុលានេះ សម្តេចតេជោ ហ៊ុន សែន បានបន្តអំពាវនាវដល់ ប្រជាពលរដ្ឋបោះឆ្នោត គាំទ្របក្សប្រជាជនកម្ពុជា ព្រោះជាបក្សទ្រទ្រង់សុខសន្តិភាព។ សម្ដេចថា បើគ្មានវត្តមានបក្សប្រជាជនកម្ពុជា ភ្លើងសង្គ្រាម និងចលាចលជាតិនឹងកើតឡើង។
សម្តេចតេជោ បានស្នើទៅសមាជិកបក្សភ្លើងទៀន ឲ្យរង់ចាំមើលថាតើមេបក្សខ្លួន មានសមត្ថភាពឆ្លើយតបនឹង សំណួរសម្តេចដែរទេ?
សម្តេចតេជោ ក៏បានស្នើថ្នាក់ដឹកនាំ សមាជិកបក្សភ្លើងទៀន ចាកចេញពីបក្សជាបន្ទាន់ ព្រោះបក្សនេះប្រឈមនឹងផ្លូវច្បាប់។ សម្តេចថា សម្ដេចមានខ្សែអាត់សំឡេងនានា នៃការពាក់ព័ន្ធគ្នារវាងបក្សភ្លើងទៀន ជាមួយក្រុមទណ្ឌិត រត់ចោលស្រុក។ ភស្តុតាងជាតម្រុយនៃការប្រព្រឹត្តខុស នឹងច្បាប់បក្សនយោបាយ កំពុងស្ថិតនៅក្នុងដៃសម្តេច។
សម្តេចតេជោបញ្ជាក់ថា ច្រកតែមួយគត់របស់បក្សភ្លើងទៀន ពីការមិនជាប់ពាក់ព័ន្ធក្រុមអ្នកទោស គឺត្រូវបង្ហាញឱ្យច្បាស់ តើសម្តីប្រមាថព្រះចេស្តាព្រះមហាក្សត្រជារឿងត្រឹមត្រូវទេ? ។
សម្តេចតេជោ ក៏បានឲ្យសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ មកពីបក្សភ្លើងទៀន ត្រូវចេញមុខឆ្លើយតប ឬថ្កោលទោសចំពោះសម្តីប្រមាថ របស់ សម រង្ស៉ី លើព្រះចេស្តាព្រះមហាក្សត្រ ។ សម្តេចថា សមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ មកពីបក្សភ្លើងទៀន កុំបារម្ភរឿងគេដេញចេញពីតំណែង ចំពោះការនិយាយថ្កោលទោស សម រង្ស៉ី។ សម្តេចបញ្ជាក់ថា គ្មាននរណាអាចដកបានឡើយ បើគ្មានការឯកភាពពីសម្តេចក្រឡាហោម ស ខេង។
សម្តេចតេជោ ណែនាំឲ្យសមាជិកបក្សភ្លើងទៀន ចាកចេញពីបក្សទៅកាន់បក្សដទៃ ព្រោះបក្សនេះអាចប្រឈមនឹងការរំលាយ ។
សម្តេចបានអំពាវនាវដល់កម្លាំងប្រដាប់អាវុធ និងសមាជិកបក្សប្រជាជន ក៏ដូចជាបក្សដទៃទៀត រួមគ្នាការពាររបបរាជានិយម និងរាជបល្លង្កពីជនក្បត់ជាតិ ៣ជំនាន់ ៕