លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីទទួលបន្ទុកវប្បធម៌ និងសិល្បៈអាស៊ានលើកទី១០ ប្រព័ន្ធវីដេអូ ដែលរៀបចំដោយប្រទេសឡាវ
ភ្នំពេញ៖ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៃប្រទេសកម្ពុជានៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២នេះ បានចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីទទួលបន្ទុកវប្បធម៌ និងសិល្បៈអាស៊ានលើកទី១០ តាមរយៈប្រព័ន្ធវីដេអូ ដែលរៀបចំឡើងដោយសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ។
កិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាន ទទួលបន្ទុកវប្បធម៌ និងសិល្បៈលើកទី១០ និងកិច្ចប្រជុំពាក់ព័ន្ធជាមួយដៃគូសន្ទនាតាមរយៈប្រព័ន្ធវីដេអូនេះ បានប្រព្រឹត្តទៅក្រោមប្រធានបទ «ការលើកកម្ពស់តួនាទីវប្បធម៌ និងសិល្បៈ អាស៊ាន ក្រោយបរិបទការរីករាលដាលនៃជំងឺកូវីដ-១៩ ឆ្ពោះទៅការអភិវឌ្ឍប្រកបដោយចីរភាព»។
នាឱកាសនោះ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា និង ឯកឧត្តម លោកជំទាវជារដ្ឋមន្ត្រី អាស៊ានទទួលបន្ទុកវប្បធម៌ និងសិល្បៈ រួមជាមួយដៃគូសន្ទនា ធ្វើការពិភាក្សាលើរបៀបវារៈសំខាន់ចំនួន៦៖
១.វឌ្ឍនភាពការងារសកម្មភាពវប្បធម៌ និងការរាលដាលនៃជំងឺកូវីដ-១៩ នាអំឡុងពេលកម្ពុជាធ្វើជាប្រធានរដ្ឋមន្ត្រីអាស៊ានទទួលបន្ទុកវប្បធម៌ និងសិល្បៈ ២០២០-២០២២, ២. បញ្ហាប្រឈមក្នុងការអនុវត្តសកម្មភាពវប្បធម៌ នាអំឡុងពេលនៃផលប៉ះពាល់នៃជំងឺកូវីដ-១៩ និងដំណើរឆ្ពោះទៅមុខសម្រាប់វិស័យវប្បធម៌ និងសិល្បៈ និងពិគ្រោះពិភាក្សាគ្នាក្នុងការស្វែងរកដំណោះស្រាយរួម ដើម្បីរៀបចំសកម្មភាពវប្បធម៌អាស៊ាន ប្រកបដោយវឌ្ឍនភាពនិងចីរភាព,៣. សកម្មភាពវប្បធម៌គាំទ្រទីក្រុងសៀមរាប ជាទីក្រុងវប្បធម៌អាស៊ាន ២០២០-២០២២, ៤. ការអនុវត្តសេចក្តីប្រកាសទីក្រុងសៀមរាប ស្តីពីការលើកកម្ពស់សហគមន៍អាស៊ានប្រកបដោយភាពច្នៃប្រឌិត និងសម្របខ្លួនទៅនឹងកិច្ចគាំទ្រដល់សេដ្ឋកិច្ច និងការច្នៃប្រឌិតពាក់ព័ន្ធនឹងវប្បធម៌, ៥. សកម្មភាពវប្បធម៌នានាដែលជាព្រឹត្តិការណ៍អម ក្នុងការគាំទ្រដល់កិច្ចប្រជុំកំពូលអាស៊ាន ដែល កម្ពុជាជាប្រធានប្តូរវេនអាស៊ាន ឆ្នាំ២០២២ និង៦. ក្នុងគោលដៅរៀបចំឱ្យមានការចូលរួមជាសហគមន៍តំបន់ និងរៀបចំឱ្យមានជាយន្តការអន្តរជាតិក្នុងការការពារការទប់ស្កាត់ការជួញដូរសម្បត្តិវប្បធម៌ដោយខុសច្បាប់ កម្ពុជាក៏នឹងលើកជូនអង្គប្រជុំដើម្បីពិភាក្សាអំពីសន្និសីទអន្តរជាតិ ស្ដីពីការការពារ និងទប់ស្កាត់ការចរាចរជួញដូរសម្បត្តិវប្បធម៌ដោយខុសច្បាប់៖ ទស្សនៈពីអាស៊ាន ដែលក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ធ្វើជាម្ចាស់ផ្ទះនៅក្រុងសៀមរាប ព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៥-៨ ខែកញ្ញា ឆ្នាំ២០២២កន្លងមក។
កិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានទទួលបន្ទុកវប្បធម៌ និងសិល្បៈ ក៏បានពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ និងសិល្បៈ ជាមួយដៃគូសន្ទនារួមមាន៖ អាស៊ាន-សាធារណរដ្ឋប្រជាមានិតចិន អាស៊ាន-ជប៉ុន និងអាស៊ាន-សាធារណរដ្ឋកូរ៉េ (អាស៊ានបូកបី)។
កិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាន ទទួលបន្ទុកវប្បធម៌ និងសិល្បៈលើកទី១០ និងកិច្ចប្រជុំពាក់ព័ន្ធជាមួយដៃគូសន្ទនាតាមរយៈប្រព័ន្ធវីដេអូនេះ មានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវជារដ្ឋមន្រ្តីអាស៊ានទទួលបន្ទុកវប្បធម៌ និងសិល្បៈ និងលោក លោកស្រីប្រធានឧត្តមមន្រ្តីទទួលបន្ទុកវប្បធម៌ និងសិល្បៈ ជាមួយដៃគូសន្ទនាអាស៊ាន មានដូចជា៖ សាធារណរដ្ឋប្រជាមានិតចិន ជប៉ុន និងសាធារណរដ្ឋកូរ៉េ ៕