ឯកឧត្តម ចាន់ ស៊ីណាត ចូលរួមប្រជុំដោះស្រាយបញ្ហាទឹកជំនន់ ដែលប៉ះពាល់ដល់ ប្រជាពលរដ្ឋក្នុងខេត្តចំនួន ៩
ភ្នំពេញ៖ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម រួមជាមួយសហការី នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២នេះ បានអញ្ជើញចូលរួមប្រជុំនៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមការដឹកនាំដោយ ឯកឧត្តម ហែម វណ្ឌី រដ្ឋលេខាធិការ ស្តីពីការអនុវត្តជាបន្ទាន់នូវបទបញ្ជា ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដោះស្រាយលើបញ្ហាទឹកជំនន់ ឆ្នាំ២០២២នេះ ដែលកំពុងបង្ក ការប៉ះពាល់ដល់ជីវភាពរស់នៅ ប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋដែលស្ថិតនៅខេត្តទាំង ៩ ។
ក្រសួងធនធានទឹក និងឧតុនិយម ដោយមានការគាំទ្រពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំរួច ហើយនូវផែនការ ការងារដ៏សកម្ម និងជាយុទ្ធសាស្រ្តដែលនឹងធ្វើការដោះស្រាយលើបញ្ហា គ្រោះទឹកជំនន់ក្នុងពេលចំពោះមុខឲ្យបានឆាប់ចប់ក្នុងពេលខាងមុខនេះដោយធ្វើយ៉ាងណាឲ្យបងប្អូនប្រជាពលរដ្ឋទទួលបានទឹក និងស្បៀងប្រកបដោយសន្តិសុខនិងទទួលបានប្រាក់ចំណូលបន្ថែមទៀត៕