រយៈពេល៩ខែ កម្ពុជាទទួលបានភ្ញៀវទេសចរណ៍អន្តរជាតិប្រមាណជាង ១លាននាក់
ភ្នំពេញ៖ ក្រសួងទេសចរណ៍បានឲ្យដឹងថា រយៈពេល៩ខែ ឆ្នាំ២០២២ កម្ពុជាទទួលបានភ្ញៀវទេសចរ អន្តរជាតិប្រមាណជាង ១លាន២០ម៉ឺននាក់ កើនឡើង ៨៦១%។
ការឲ្យរបស់ក្រសួងទេសចរណ៍បែបនេះបានធ្វើឡើង នៅក្នុងកិច្ចប្រជុំស្តីពី “បច្ចុប្បន្នភាពការងាររយៈ ពេល៩ខែ របស់ក្រុមការងារ រាជរដ្ឋាភិបាល និងឯកជនដើម្បីស្តារ និងលើកស្ទួយវិស័យទេសចរណ៍ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ និងទិសដៅបន្ត” នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២។
កិច្ចប្រជុំនេះធ្វើឡើងក្រោមអធីបតីភាព ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលនិងឯកជនដើម្បីស្តារ និងលើកស្ទួយវិស័យទេសចរណ៍ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ ដោយមានការចូលរួមពី ឯកឧត្តមលោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវ អគ្គនាយក អគ្គនាយករង លោក លោកស្រី ប្រធានអង្គភាពពាក់ព័ន្ធនៃក្រសួងទេសចរណ៍ និងឯកឧត្តម លោក លោកស្រីប្រធានមន្ទីរ ទេសចរណ៍រាជធានី ខេត្ត តាមរយៈប្រព័ន្ធវីដេអូ (ZOOM) ពីចម្ងាយសរុបប្រមាណ ១០០នាក់។
កិច្ចប្រជុំនេះបានពិភាក្សា និងត្រួតពិនិត្យលើ៖
ទី១៖ បច្ចុប្បន្នភាពការងាររយៈពេល៩ខែ របស់ក្រុមការងាររាជរដ្ឋាភិបាល និងឯកជនដើម្បីស្តារ និងលើកស្ទួយវិស័យទេសចរណ៍ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ និងទិសដៅបន្ត ដោយគិតត្រឹមរយៈពេល៩ខែ ឆ្នាំ២០២២ និង ទី២៖ ការងារមួយចំនួនពាក់ព័ន្ធនឹងសកម្មភាពយុទ្ធសាស្រ្តតាមផែនទីចង្អុលផ្លូវ និងបញ្ហាប្រឈមផ្សេងៗដែលត្រូវដោះស្រាយ។
ក្នុងកិច្ចប្រជុំនេះ អង្គប្រជុំបានពិនិត្យលើសកម្មភាព និងលទ្ធផលការងារ រាយការណ៍ដោយ លេខាធិការដ្ឋាន និងមតិបន្ថែមពី ឯកឧត្តមប្រធាននៃអនុក្រុមការងារទាំង៣។ អង្គប្រជុំបានវាយតម្លៃថា ការងារសម្រេចបានពិតជាត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយតាមការកំណត់ស្របតាមផែនទី ចង្អុលផ្លូវស្តីពីការស្តារ និងលើកស្ទួយវិស័យទេសចរណ៍ ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ ពិតប្រាកដមែន។
ជាក់ស្តែងរយៈពេល៩ខែ ឆ្នាំ២០២២ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណជាង ១លាន២០ម៉ឺននាក់ កើនឡើង ៨៦១% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២១ ចំពោះទេសចរផ្ទៃក្នុងធ្វើដំណើរ កម្សាន្តក្នុងប្រទេស មានទេសចរជាតិសរុបប្រមាណ ៨,៤៤លាននាក់ កើនឡើងក្នុងអត្រា ២៤៧% និងទេសចរបរទេសផ្ទៃក្នុងប្រមាណ ១,២លាននាក់ កើនឡើងក្នុងអត្រាប្រមាណ ៦០៥% ធៀបរយៈ ពេលដូចគ្នាឆ្នាំ២០២១។
ក្នុងនោះផងដែរ ឯកឧត្តមបណ្ឌិត ថោង ខុន បានណែនាំឱ្យធ្វើការសិក្សាបន្ថែមទៀតដោយត្រូវគិត បញ្ចូលទាំងសូចនាករថ្មីៗជាពិសេសគឺ បញ្ហាប្រឈម និងវិបត្តិជាសាកលនាពេលបច្ចុប្បន្ន៕