ឯកឧត្តម អ៊ាង សុផល្លែត អញ្ជើញចូលរួមនិងថ្លែងសុន្ទរកថា អបអរខួបគម្រប់១០ឆ្នាំ នៃការបង្កើតវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល នៅប្រទេសកូរ៉េ
ភ្នំពេញ៖ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានប្រតិភូកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីនៃបណ្តាប្រទេសសមាជិកវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកលដែលបានរៀបចំឡើងនាទីស្នាក់ការកណ្តាលវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល រដ្ឋធានីសេអ៊ូល សាធារណរដ្ឋកូរ៉េ។
កិច្ចប្រជុំដែលបានរៀបចំឡើងនារសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ ដោយបន្ទាប់ពីសុន្ទរកថាបើក កិច្ចប្រជុំរបស់ឯកឧត្តម បាន គីមូន ប្រធានវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល និងជាអតីតអគ្គលេខាធិការ អង្គការសហប្រជាជាតិរួចមក ឯកឧត្តមឯកឧត្តម អ៊ាង សុផល្លែតដែលជាប្រធានប្រតិភូកម្ពុជា ហើយក៏ជាភ្ញៀវដែលត្រូវបានគេអញ្ជើញជាពិសេសក្នុងចំណោមបណ្តាប្រទេសសមាជិក ដើម្បីឡើងថ្លែង សុន្ទរកថាពិសេសសម្រាប់អបអរខួបគម្រប់១០ឆ្នាំនៃការបង្កើតវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកលនេះផងដែរ។
នៅក្នុងសុន្ទរកថាពិសេសនេះឯកឧត្តម អ៊ាង សុផល្លែតបានថ្លែងបញ្ចាក់ឱ្យដឹងថា ក្នុងនាមជាប្រទេសស្ថាបនិកវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល កម្ពុជាពិតជាមានមោទនភាពកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលដែលសម្រេចបានកន្លងមក ហើយថ្លែងអំណរគុណចំពោះការចូលរួម របស់វិទ្យាស្ថាន អភិវឌ្ឍន៍បៃតងសកលក្នុងចូលរួមចំណែកក្នុងការលើកកម្ពស់ការអភិវឌ្ឍបៃតង និងសេដ្ឋកិច្ចបៃតង នៅកម្ពុជា ព្រមទាំងបានគូសបញ្ជាក់អំពីគោលនយោបាយអភិវឌ្ឍន៍ ប្រកបដោយចីរភាព និងបានរំលេច អំពីច្បាប់វិនិយោគថ្មីរបស់កម្ពុជាដែលទើបធ្វើ វិសោធនកម្មនៅ ឆ្នាំ២០២១ដែលជំរុញលើកកម្ពស់ ការអភិវឌ្ឍបច្ចេកវិទ្យានិងការវិនិយោគបៃតង។
លើសពីនេះទៀត ឯកឧត្តមប្រធានបានថ្លែងដោយធ្វើការរំលេចនូវគម្រោងមួយចំនួន រួមទាំងការអភិវឌ្ឍ ធនធានមនុស្សលើវិស័យថាមពលអ៊ីដ្រូសែនបៃតង ការអភិវឌ្ឍសហគមន៍គ្មានការបញ្ចេញកាបូន ការផលិតថង់ពីសារធាតុដែលងាយរលាយ (Biodegradable plastic) ជំនួសថង់ប្លាស្ទិក ដែលនៅកម្ពុជាសម្បូរនូវវត្ថុធាតុដើមស្រាប់ និងគម្រោងដទៃទៀត ដែលវិទ្យាស្ថានអភិវឌ្ឍន៍បៃតង សកលអាចពិនិត្យ ពិចារណាចូលរួមចំណែកក្នុងដំណើរការអភិវឌ្ឍន៍បៃតងរបស់កម្ពុជា។
សូមបញ្ជក់ផងដែរថា ប្រតិភូកម្ពុជាដែលដឹកនាំដោយឯកឧត្តមរដ្ឋលេខាធិការ រួមមាន ឯកឧត្តមអគ្គនាយក និងមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្ត្រ ក្រសួងបរិស្ថាន សម្រាប់កម្មវិធីសប្តាហ៍អភិវឌ្ឍន៍បៃតងសកល ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ បាន និងកំពុងចូលរួមព្រឹត្តិការណ៍អមនានា និងកិច្ចប្រជុំរួមមាន៖
១.កិច្ចប្រជុំពេញអង្គលើកទី១១និងកិច្ចប្រជុំក្រុមប្រឹក្សាលើកទី១៥ នៃវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល
២.កិច្ចប្រជុំទ្វេភាគីជាមួយថ្នាក់ដឹកនាំវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល
៣. ព្រឹត្តិការណ៍អមស្តីពី «ដំណើរឆ្ពោះទៅកាន់ប្រសិទ្ធភាពថាមពល និងថាមពលកកើតឡើងវិញនៅក្នុង វិស័យឧស្សាហកម្មកាត់ដេរនៅកម្ពុជា»៕