ភូមិចំនួន២ ក្នុងឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ត្រូវបានបើកប្រកាសកំណត់តំបន់វិនិច្ឆ័យ លើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ
ភ្នំពេញ៖ លោកស្រី រស់ សុផានី អភិបាលរងខេត្ត នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ តំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីភាព បើកប្រកាសកំណត់តំបន់វិនិច្ឆ័យ លើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នៅភូមិព្រីងកោងនិងភូមិបន្ទាត់បោះ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ។
ពិធីនេះក៏មានការចូលរួមពី អ្នកពាក់ព័ន្ធ អាលោក អាង ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនិយកម្ម និងសំណង់ អង្គភាពពាក់ព័ន្ធ អាជ្ញាធរស្រុក ឃុំ ភូមិ ប្រជាពលរដ្ឋបានចូលរួមធ្វើឡើងនៅវត្ត ព្រីងកោង នៅរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ កន្លងមកនេះ។
លោក អាង ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដីនគរូបនិយកម្ម និងសំណង់ បានបញ្ជាក់ថាជូនបងប្អូនប្រជាពលរដ្ឋឱ្យដឹងថា ៖ នីតិវិធីនៃការចុះបញ្ជីដីធ្លីមាមលក្ខណៈជាប្រពន្ធ មាន៥ដំណាក់កាល ៖ ១-ត្រៀមរៀបចំ គឺជាការកំណត់តំបន់វិនិច្ឆ័យ ការបង្កើតគណៈកម្មការដ្ឋបាលការជូនដំណឹង កិច្ចប្រជុំផ្សព្វផ្សាយ និងដំណើរការផ្សព្វផ្សាយ ពីការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ។ ២-ប្រតិបត្តិការបច្ចេកទេស គឺជាការចុះកំណត់ព្រំវាស់វែង និងវិនិច្ឆ័យ ដើម្បីកាសងប្លង់សុរិយោដី និងបញ្ជីឈ្មោះម្ចាស់ដី។ ៣-បិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ (ប្លងសុរិយោដី និងបញ្ជីឈ្មោះម្ចាសដី) រយៈពេល១៥ថ្ងៃ ដើម្បីទុកលទ្ធភាពឱ្យម្ចាស់ដី និងអ្នកដែលពាក់ព័ន្ធធ្វើការផ្ទៀងផ្ទាត់ឈ្មោះ ស្ថានភាពគ្រួសារ និងក្បាលដីរបស់ខ្លួន ព្រមទាំងធ្វើការតវ៉ាក្នុងករណីមានការខុសឆ្គង។ ផុតរយៈពេលកំណត់នៃការបិទផ្សាយ បងប្អូនប្រជាពលរដ្ឋ មិនអាចជំទាស់តវ៉ាបានទៀតឡើយ។ ៤-សម្រេចលើឯកសារវិនិច្ឆ័យ របាយការណ៍ពីលទ្ធភាពនៃកាតបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យរបស់គណៈកម្មការរដ្ឋបាល ជូនអភិបាលខេត្ត ដើម្បីពិនិត្យ និងសម្រេចលើការផ្យល់សិទ្ធចំពោះក្បាលដីណាដែលមិនមានទំនាស់។ ៥-ចុះបញ្ជីចេញប័ណ្ណ និងចែកប័ណ្ណជូនម្ចាស់ដី។
មានប្រសាសន៍នាឱកាសនោះលោកស្រី រស់ សុផានី បានបញ្ជាក់ថា ៖ កន្លងមកខេត្តបន្ទាយមានជ័យ បានធ្វើកាចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ ហើយបានចេញវិញ្ញាបនបត្រសម្គាលអចលនវត្ថុចំនួន ២៣៧,០២៧ប័ណ្ណ ក្នុងនះមានការឧបត្ថម្ភគាំទ្រថវិកាពីរាជរដ្ឋាភិបាលកម្ពុជា និងការឧបត្ថម្ភគាំទ្រពីដៃគូអភិវឌ្ឍន៍នានា។ ដោយឡែកបច្ចុប្បន្នបញ្ហាវិវាទដីធ្លី គឺមានការថយចុះជាច្រើន ដោយសារតែ មានការចុះបញ្ជីដីធ្លីជូនបងប្អូន ប្រជាពលរដ្ឋ ជាពិសេសការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធរបស់កម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី។
ជាមួយគ្នានោះលោកស្រី រស់ សុផានី ក៏បានអំពាវនាវដល់បងប្អូនពលរដ្ឋជាម្ចាស់ដីនៅក្នុងតំបន់វិនិច្ឆ័យជួយផ្សព្វផ្សាយបន្តឱ្យបានយល់ដឹង និងសូមសំណូមពរ ដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ ស្ថាប័នពាក់ព័ន្ធ រួមទាំងប្រជាពលរដ្ឋទាំងអស់ ដែលជាអ្នកកាន់កាប់ដី នៅក្នុងតំបន់វិនិច្ឆ័យផ្ដល់ភាពងាយស្រួល និងចូលរួមសហការ ឱ្យបានល្អជាមួយមន្ត្រីចុះបញ្ជីដីធ្លី ដើម្បីឱ្យការអនុវត្តន៍នីតិវិធីនៃការចុះបញ្ជីដីធ្លីប្រព្រឹត្តទៅប្រកបដោយជោគជ័យ ៕