ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត៖ បក្សប្រជាជន មិនល្អឥតខ្ចោះទេ គឺដូចនឹងជីវិតរបស់មនុស្សម្នាក់ៗ ដែលអាចទទួលរងនូវការរិះគន់តិះទៀន ហើយពេលខ្លះក៏ទទួលរង ការប្រឌិតរឿងវាយប្រហារមកលើយើងផងដែរ
ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា គណបក្សប្រជាជនកម្ពុជា មិនល្អឥតខ្ចោះនោះទេ គឺដូចនឹងជីវិតរបស់មនុស្សម្នាក់ៗផងដែរ ដែលអាចទទួលរងនូវការរិះគន់តិះទៀន ហើយពេលខ្លះក៏ទទួលរងនូវការប្រឌិតរឿងវាយប្រហារមកលើយើងផងដែរ។
ក្នុងឱកាសតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត អញ្ជើញសម្ពោធឆ្លងសាលាពុទ្ធិក អនុវិទ្យាល័យសម្តេចព្រះវនរ័ត ណយ ច្រឹក ច័ន្ទបុរីវង្ស និងសមិទ្ធផលនានា ក្នុងវត្តច័ន្ទបុរីវង្ស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ នាថ្ងៃទី២៧ ខែតុលា ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត
បានមានប្រសាសន៍បន្តថា អ្វីដែលសំខាន់ គឺការរក្សាភាពអត់ធ្មត់ ដើម្បីទុកពេលវេលាបន្តធ្វើការងារដែលយើងគិតថាត្រឹមត្រូវ ហើយធ្វើដោយការទទួលខុសត្រូវ។
ឯកឧត្តម បណ្ឌិត បន្ថែមថា ពិតណាស់ ដំណើររីកចម្រើនរបស់បុគ្គលម្នាក់ គឺប្រៀបបានទៅនឹងដើមឈើដែលដំាក្នុងផ្ទះបៃតង និងដើមឈើដែលដំាក្នុងបរិយាកាសខាងក្រៅ។ ដើមឈើដែលដំាក្នុងផ្ទះបៃតង អាចមានកម្រិតសុវត្ថិភាពខ្ពស់ព្រោះមិនមានខ្យល់បោកបក់ និងអាចទទួលបាននូវការថែទាំដិតដល់ ហើយឫសកែវនៃដើមឈើនេះក៏អាចលូតលាស់តាមសម្រួល ប៉ុន្តែមិនប្រាដកថាអាចមានជីវិតរឹងមាំយូរអង្វែងបានទ្បើយ ជាពិសេសនៅក្នុងកាលៈទេសៈដែលជួបបញ្ហាធំៗមកប៉ះមកយាយី។
ឯកឧត្ដមលើកឡើងថា ចំណែកឯដើមឈើដែលដាំក្នុងបរិយាកាសខាងក្រៅ ប្រាកដណាស់ គឺតែងបានជួបនូវឧបសគ្គ ព្យុះ ភ្លៀង ផ្គរ រន្ទៈ ជាប្រចាំដែលធ្វើឱ្យឫសកែវធ្វើការយ៉ាងលំបាកវេទនាដើម្បីទប់ទល់ទៅនឹងឧបសគ្គ។
ឯកឧត្ដមបណ្ឌិត គូសបញ្ជាក់ថា ក្នុងន័យនេះ បញ្ហាលំបាកលំបិននានា ដែលកើតមានទ្បើងក្នុងជីវិត អាចនឹងជួយជាបំណិនជីវិតសម្រាប់បុគ្គលគ្រប់រូបក្នុងការកសាង និងអភិវឌ្ឍខ្លួន ដោយផ្អែកលើភាពចាស់ទុំ និងបទពិសោធន៍ដែលបានឆ្លងកាត់ ៕