កាកបាទក្រហម រៀបចំកិច្ចប្រជុំពិគ្រោះយោបល់ជាមួយសហព័ន្ធអន្តរជាតិ ស្តីពីការងារតាមវិស័យអាទិភាពរបស់កាកបាទក្រហមកម្ពុជា
ភ្នំពេញ៖ កាកបាទក្រហមកម្ពុជា នៅថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២២នេះ បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់រវាងកាកបាទក្រហមកម្ពុជា និងសហព័ន្ធអន្តរជាតិ ស្តីពី ការងារតាមវិស័យអាទិភាពរបស់កាកបាទក្រហមកម្ពុជា ក្រោមអធិបតីភាព លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងលោកស្រី Kathryn Clarkson ប្រធានគណៈប្រតិភូរបស់សហព័ន្ធអន្តរជាតិ ទទួលបន្ទុកកម្រងប្រទេស ថៃ កម្ពុជា ឡាវ និងវៀតណាម ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធសរុបចំនួន ២៤នាក់។
កិច្ចប្រជុំពិគ្រោះយោបល់នេះបានផ្តោតទៅលើ៖
– ការត្រៀមរៀបចំវគ្គបណ្តុះបណ្តាលយុវជនជាភ្នាក់ងារនៃការផ្លាស់ប្តូរឥរិយាបទជាវិជ្ជមាន (YABC)
– ការត្រៀមលក្ខណៈរបស់យុវជនក្នុងការធ្វើជាម្ចាស់ផ្ទះនៃវេទិកាយុវជនសមាគមជាតិអាស៊ី-អាគ្នេយ៍លើកទី២ ឆ្នាំ២០២៣
– ការងារគ្រប់គ្រងគ្រោះមហន្តរាយ
– ការងារសុខភាព និងការថែទាំសុខភាពសហគមន៍
– ការងារបណ្តាញរបស់សមាគមជាតិ ជុំវិញកិច្ចសហប្រតិបត្តិការក្នុងតំបន់
– ការធ្វើវិសោធនកម្មលក្ខន្តិកៈរបស់សមាគមជាតិ
– ការធ្វើការប៉ាន់ប្រមាណសមត្ថភាពសាខា
– ការងារការការពារ យេនឌ័រ និងបរិយាបន្ន
– បញ្ហាផ្សេងៗ៕