គណៈប្រតិភូ ប.ស.ស. កម្ពុជា ចូលរួមវេទិកាសន្តិសុខសង្គមពិភពលោក ស្តីពី ប្រព័ន្ធសន្តិសុខសង្គមសម្រាប់សង្គម ដែលមានភាពធន់ និងបរិយាប័ន្ន នៅម៉ារ៉ុក
ម៉ារ៉ុក៖ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម បានដឹកនាំគណៈប្រតិភូ ប.ស.ស. កម្ពុជា ចូលរួមវេទិកាសន្តិសុខសង្គមពិភពលោកស្តីពី ប្រព័ន្ធសន្តិសុខសង្គមសម្រាប់សង្គមដែលមានភាពធន់ និងបរិយាប័ន្ន ដែលមានរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ នៅទីក្រុង Marrakech ប្រទេសម៉ារ៉ុក។
វេទិកាសន្តិសុខសង្គមពិភពលោកនេះរៀបចំឡើងក្នុងគោលបំណងដើម្បីចែករំលែកបទពិសោធន៍ ក៏ដូចជាឧត្តមានុវត្តន៍នៃតួនាទីចម្បងរបស់ប្រព័ន្ធសន្តិសុខសង្គម សម្រាប់សង្គមដែលមានភាពធន់ និងបរិយាប័ន្ន ដែលរួមបញ្ចូលព្រឹត្តិការណ៍សំខាន់ៗចំនួន ៣ព្រឹត្តិការណ៍ រួមមាន (១) មហាសន្និបាតសមាគមសន្តិសុខសង្គមអន្តរជាតិលើកទី៣៤ (២) កិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃសមាគមសន្តិសុខសង្គមអន្តរជាតិលើកទី៣៩ និង (៣) ការបោះឆ្នោតជ្រើសរើសមន្ត្រីជាន់ខ្ពស់ នៃសមាគមសន្តិសុខសង្គមអន្តរជាតិ។
សូមបញ្ជាក់ថា៖ ក្នុងនាមជាសមាជិកនៃសមាគមសន្តិសុខសង្គមអន្តរជាតិ (ISSA) ប.ស.ស. បានចូលរួមអង្កេតការណ៍បោះឆ្នោតជ្រើសរើសមន្ត្រីជាន់ខ្ពស់ រួមមាន ប្រធាន ហិរញ្ញិក អគ្គលេខាធិការ និងសមាជិកដែលជាតំណាងតាមតំបន់នៃសមាគមសន្តិសុខសង្គមអន្តរជាតិ។
ម្យ៉ាងវិញទៀត វេទិកានេះ ប្រារព្ធឡើងរៀងរាល់ ៣ឆ្នាំម្តង ដែលជាព្រឹត្តិការណ៍កម្រិតអន្តរជាតិដ៏សំខាន់ក្នុងវិស័យសន្តិសុខសង្គម ដែលរៀបចំឡើងដោយសមាគមសន្តិសុខសង្គមអន្តរជាតិ (ISSA) ដោយមានសមាសភាពចូលរួមប្រមាណជាង ១០០០រូប ក្នុងនោះរួមមាន រដ្ឋមន្ត្រី ប្រធានស្ថាប័ន មន្ត្រីជាន់ខ្ពស់ នាយកប្រតិបត្តិ និងជំនាញការអន្តរជាតិមកពី ១៥០ប្រទេស ដែលមកពីតំបន់អាហ្រ្វិក អាម៉េរិក អាស៊ី-ប៉ាស៊ីហ្វិក និងអ៊ឺរ៉ុប៕