នាយករដ្ឋមន្ត្រីកម្ពុជា នឹងជួបសន្ទនាតាមទូរស័ព្ទ ជាមួយប្រធានាធិបតីអ៊ុយក្រែន នៅថ្ងៃ១ វិច្ឆិកា
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ថា សម្តេចនឹងជួបសន្ទនា តាមទូរស័ព្ទ ជាមួយលោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ ។
ការប្រកាសនេះ ស្របពេលដែលស្ថានភាព នៅក្នុងប្រទេសអ៊ុយក្រែន នៅមិនទាន់មានភាពធូស្រាលណាមួយ នៅឡើយទេ ចាប់តាំងពី រុស្ស៊ី បើកការវាយប្រហារ លុកលុយ លើប្រទេសនេះ ចាប់តាំងពីខែកុម្ភៈ មកដល់បច្ចុប្បន្ន រហូតដល់មានការគម្រាមប្រើប្រាស់ អាវុធនុយក្លេអ៊ែរ ផងដែរ។
ក្នុងឱកាស អញ្ជើញផ្ដល់ស្រូវពូជ និងគ្រឿងឧបភោគបរិភោគ ជូនប្រជាពលរដ្ឋជិត ៧ពាន់គ្រួសារ នៅខេត្តកំពង់ធំ នាថ្ងៃទី២៩ តុលានេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ដោយសារឆ្នាំនេះកម្ពុជា ជាប្រធានអាស៊ាន អ៊ុយក្រែនក៏ចង់មានទំនាក់ទំនង ចឹងអ៊ុយក្រែនបានស្នើធ្វើឱ្យមានទំនាក់ទំនង ហើយរដ្ឋមន្រ្តីការបរទេសអ៊ុយក្រែន និងអេស្ប៉ាញ អាចមកចុះហត្ថលេខាលើកិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការអាស៊ីអាគ្នេយ៍ ៕