ក្រុមការងារក្រសួងផែនការ ចុះពិនិត្យ និងជំរុញការកំណត់អត្តសញ្ញាណគ្រួសារងាយរងហានិភ័យ និងរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់ក្នុងតំបន់ជុំវិញបឹងទន្លេរសាប
ភ្នំពេញ៖ ចាប់ពី ថ្ងៃទី២៦ ដល់២៨ ខែតុលា ឆ្នាំ២០២២ ក្រុមការងារក្រសួងផែនការបានចុះពិនិត្យ និងជំរុញការកំណត់អត្តសញ្ញាណគ្រួសារងាយរងហានិភ័យដែលរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់ក្នុងតំបន់ជុំវិញបឹងទន្លេរសាប ក្នុងនោះរួមមាន ខេត្តកំពង់ធំ បន្ទាយមានជ័យ បាត់ដំបង និងខេត្តកំពង់ឆ្នាំង។
ការងារនេះដឹកនាំដោយឯកឧត្តម ថេង បញ្ញាធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកអគ្គនាយកផែនការ
ឯកឧត្តម កែវ អ៊ូលី ប្រធាននាយកដ្ឋានអត្តសញ្ញាណកម្មគ្រួសារក្រីក្រ ឯកឧត្ដមបណ្ឌិត ចន ណារិទ្ធ ជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម តំណាងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងមូលនិធិជាតិជំនួយសង្គម សហការជាមួយឯកឧត្តម លោកជំទាវ ប្រធានមន្ទីរផែនការ ដើម្បីពិនិត្យមើលដំណើរការអនុវត្តកំណត់អត្តសញ្ញាណគ្រួសារងាយរងហានិភ័យ និងប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់ ហើយបានជួបពិភាក្សាជាមួយអាជ្ញាធរស្រុក/ក្រុង និងឃុំ/សង្កាត់ ដើម្បីដោះស្រាយបញ្ហាប្រឈម និងជំរុញល្បឿនការងារនេះ ឱ្យបានទាន់ពេលសម្រាប់ការអនុវត្តកញ្ចប់គោលនយោបាយអន្តរាគមន៍ យោងតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ពី ការប៉ះពាល់ទឹកជំនន់នៅឆ្នាំនេះ ធំជាងឆ្នាំ២០២០។