ឯកឧត្ដម ហ៊ុន ម៉ានី៖ សហគ្រិន និងវិស័យឯកជនបានចូលរួមចំណែកដល់ការកសាង និងអភិវឌ្ឍខឿនសេដ្ឋកិច្ចជាតិ ដែលជាកត្តាលិករដ៏សំខាន់ដល់ការអភិវឌ្ឍជាតិ
ភ្នំពេញ៖ ឯកឧត្ដម ហ៊ុន ម៉ានី បានមានប្រសាសន៍ថា សហគ្រិន និងវិស័យឯកជនបានចូលរួមចំណែកដល់ការកសាង និងអភិវឌ្ឍខឿនសេដ្ឋកិច្ចជាតិ ដែលជាកត្តាលិករដ៏សំខាន់ដល់ការអភិវឌ្ឍជាតិតាមរយៈការស្រូបទាញចំណូល ជាពិសេសការបង្កើតការងារនៅក្នុងប្រទេស ក៏ដូចជាឱកាសក្នុងការក្លាយខ្លួនជាសហគ្រិនដល់យុវជនជំនាន់ក្រោយផងដែរ។
មានប្រសាសន៍នៅក្នុងកម្មវិធី CEO Master Club កាលពីង្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ ឯកឧត្ដមហ៊ុន ម៉ានី បានអបអរសាទរដល់ CEO Master Club ចំពោះសមិទ្ធផលក្នុងការចូលរួមបណ្តុះបណ្តាលសហគ្រិនភាពដល់ម្ចាស់អាជីវកម្មជាច្រើននៅក្នុងព្រះរាជាណាចក្រកម្ពុជា។ វិស័យឯកជនគឺជាដៃគូមិនអាចខ្វះបានរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម តាមរយៈការបង្កើតប្រាក់ចំណូល ការងារ ក៏ដូចជាការចែករំលែកចំណេះដឹង បទពិសោធន៍ដល់យុវជនក្នុងការត្រៀមខ្លួនចូលក្នុងវិស័យធុរកិច្ច។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្ដមហ៊ុន ម៉ានី ក៏បានថ្លែងអំណរគុណដល់សមាជិក CEO Master Club ដែលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងដំណាក់កាលនៃការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដោយម្យ៉ាងចូលរួមជាការបរិច្ចាគធនធានជាសម្ភារៈបរិក្ខាក្តី ឬជាស្បៀងអាហារក្តី តែម្យ៉ាងទៀតគឺការចូលរួម អត់ធ្មត់ និងយោគយល់ក្នុងដំណាក់កាលបិទខ្ទប់ដែលនេះបង្ហាញពីការគាំទ្រយ៉ាងពេញទំហឹងក្នុងក្របខ័ណ្ឌទូទាំងប្រទេស ធ្វើឱ្យយើងអាចគ្រប់គ្រងសភាពការណ៍បានទាន់ពេលវេលា និងប្រកបដោយជោគជ័យ។
ជាមួយនឹងការអបអរសាទរចំពោះជោគជ័យរបស់ឯកឧត្ដមហ៊ុន ម៉ានី បានជូនពរដល់សហគ្រិនម្នាក់ៗឱ្យទទួលបានជោគជ័យបន្តថែមទៀត។ ជោគជ័យរបស់យើងម្នាក់ៗ ក៏នឹងក្លាយជាជោគជ័យរបស់សង្គមជាតិរបស់យើងផងដែរ៕