ឯកឧត្តម ស្វាយ សំអ៊ាង ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំខែតុលាឆ្នាំ២០២២ និងទិសដៅភារកិច្ចការងារបន្ត
ភ្នំពេញ៖ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃចន្ទ ៧កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២នេះ បានដឹកនាំកិច្ចប្រជុំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំខែតុលា ឆ្នាំ២០២២ និងទិសដៅភារកិច្ចការងារបន្តរបស់រដ្ឋបាលខេត្ត។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត ប្រធានលេខាធិការដ្ឋានសាលាដំបូងខេត្ត អភិបាលក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត នាយកនាយករងទីចាត់ការអង្គភាពចំណុះសាលាខេត្ត និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀតផងដែរ។
ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍លើកឡើងថា កិច្ចប្រជុំនាពេលនេះពិតជាមានសារៈសំខាន់ណាស់ ដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងាររបស់រដ្ឋបាលខេត្ត ជាមួយបណ្តាមន្ទីរអង្គភាពជុំវិញខេត្ត និងការអនុវត្តការងាររបស់មន្ត្រីមូលដ្ឋាន ដេីម្បីលើកទិសដៅភារកិច្ចការងារបន្ត។
ទន្ទឹមនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានជំរុញ ដល់អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ទាំងអស់ត្រូវបង្កើនការខិតខំយកចិត្តទុកដាក់បន្តទៀត លើការពង្រឹង រក្សាសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ ពិសេសក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ព្រមទាំងទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកាផងដែរ៕